ព្យាករណ៍អាកាសធាតុ៖ ព្យុះហ្វូងវង់ ប៉ះពាល់តិចតួច តែខេត្ត-ក្រុងមួយចំនួនអាចមានភ្លៀងធ្លាក់តិចតួច!

ព្យាករណ៍អាកាសធាតុ៖ ព្យុះហ្វូងវង់ ប៉ះពាល់តិចតួច តែខេត្ត-ក្រុងមួយចំនួនអាចមានភ្លៀងធ្លាក់តិចតួច!

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) T2526 កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់នៅលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ ហ្វូងវង់ នេះទេ។

Weather in Cambodia

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់នានាទូទាំងប្រទេសទទួលរងឥទ្ធិពលផ្សេងៗគ្នា៖

**១. តំបន់វាលទំនាប៖**
សីតុណ្ហភាពអប្បបរមាជាមធ្យមចន្លោះពី ២១°C ទៅ ២៩°C។ ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ា ដោយមានល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

**២. តំបន់ខ្ពង់រាប៖**
សីតុណ្ហភាពអប្បបរមាជាមធ្យមចន្លោះពី ២១°C ទៅ ២៨°C។ ខ្យល់នឹងបក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

Cambodia weather forecast

**៣. តំបន់មាត់សមុទ្រ៖**
សីតុណ្ហភាពអប្បបរមាជាមធ្យមចន្លោះពី ២១°C ទៅ ២៨°C។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម ៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។ រលកសមុទ្រនឹងមានកម្ពស់ជាមធ្យមពី ០,៥០ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខាងលើនេះ។

administrator

Related Articles