ពន្លឺថ្មីបំភ្លឺឫស្សីកែវ! ផ្លូវសាធារណៈភ្លឺស្រស់ត្រកាល បង្កើនសុវត្ថិភាព និងសោភ័ណភាពទីក្រុងក្រោមការយកចិត្តទុកដាក់របស់អភិបាលខណ្ឌ

ពន្លឺថ្មីបំភ្លឺឫស្សីកែវ! ផ្លូវសាធារណៈភ្លឺស្រស់ត្រកាល បង្កើនសុវត្ថិភាព និងសោភ័ណភាពទីក្រុងក្រោមការយកចិត្តទុកដាក់របស់អភិបាលខណ្ឌ

លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងយ៉ាងច្បាស់ថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនៅតាមបណ្ដោយផ្លូវសាធារណៈ គឺជាចំណែកដ៏សំខាន់មួយក្នុងការបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលរាត្រី កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗ ហើយជាពិសេសជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្នែក។ លោកបានបន្ថែមទៀតថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាពផងដែរ។

ការលើកឡើងដ៏មានអត្ថន័យរបស់អភិបាលខណ្ឌឫស្សីកែវរូបនេះ ធ្វើឡើងខណៈដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវដំណើរការវាស់វែង និងកំណត់ទីតាំងសម្រាប់ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ ១៣០០ ចាប់ពីកំណាត់ផ្លូវមុខបុរីអង្គរ រហូតដល់មហាវិថីឈ្នះឈ្នះ ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យបានថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈទាំងនេះ នឹងត្រូវបានអនុវត្តឡើងតាមបច្ចេកទេសត្រឹមត្រូវបំផុត ស្របតាមផែនការអភិវឌ្ឍន៍សាធារណៈដែលបានគ្រោងទុក និងបំពេញបានយ៉ាងពេញលេញនូវតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក សេង វុទ្ធី ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្ដោយផ្លូវលេខ ១៣០០ បានសម្ដែងនូវក្ដីសប្បាយរីករាយជាខ្លាំង ដែលរដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានរៀបរាប់ថា កន្លងមក កំណាត់ផ្លូវមួយនេះតែងតែងងឹតសូន្យឈឹង ហើយមិនសូវមានអ្នកហ៊ានចេញដើរនៅពេលយប់នោះទេ តែពេលនេះមានភ្លើងបំភ្លឺផ្លូវហើយ នឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ លោក វុទ្ធី ក៏បានបន្ថែមទៀតថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈនៅតាមបណ្ដោយផ្លូវលេខ ១៣០០ នេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍន៍សាធារណៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់អាជ្ញាធរដែនដីចំពោះប្រជាពលរដ្ឋរបស់ខ្លួន។

អត្ថបទ៖ សំណាង

administrator

Related Articles