កំពង់ស្ពឺ៖ លោកតាវ័យ៨៣ឆ្នាំម្នាក់បានបាត់បង់ជីវិតគួរឲ្យសោកស្ដាយ ក្រោយត្រូវបានម៉ូតូមួយគ្រឿងបុកពេញទំហឹងខណៈពេលកំពុងដើរឆ្លងផ្លូវនៅចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមការបញ្ជាក់ពីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៤០។ ជនរងគ្រោះជាលោកតាមានឈ្មោះ កង មឿន អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង។
ចំណែកអ្នកបើកបរម៉ូតូបង្កហេតុឈ្មោះ ទួន ផៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ដោយបានបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1R-2835 ក្នុងទិសដៅពីត្បូងទៅជើង។

នៅមុនពេលកើតហេតុ ម៉ូតូបង្កហេតុបានបើកលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកលោកតា កង មឿន ដែលកំពុងដើរឆ្លងផ្លូវក្នុងទិសពីលិចទៅកើតចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរម៉ូតូក៏បានរងរបួសធ្ងន់ផងដែរត្រូវបានសាច់ញាតិដឹកយកទៅព្យាបាល។
ក្រោយកើតហេតុ សពលោកតាវ័យ៨៣ឆ្នាំត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ នគរបាលជំនាញបានចុះទៅធ្វើការវាស់វែង និងបានរក្សាទុកម៉ូតូបង្កហេតុនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្នាយ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។
