កម្ពុជា-អ៊ីរ៉ង់ ចាប់ដៃគ្នាលើកកម្ពស់ទេសចរណ៍ ទាក់ទាញភ្ញៀវអ៊ីរ៉ង់មកទស្សនា!

កម្ពុជា-អ៊ីរ៉ង់ ចាប់ដៃគ្នាលើកកម្ពស់ទេសចរណ៍ ទាក់ទាញភ្ញៀវអ៊ីរ៉ង់មកទស្សនា!

រាជធានីរីយ៉ាដ ៖ ក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជា និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏សំខាន់មួយ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ។ ដៃគូចុះហត្ថលេខាជាមួយកម្ពុជា គឺឯកឧត្តម Seyed Reza Salehi Amiri រដ្ឋមន្ត្រីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាមហាប្រទេសមួយដ៏ធំ និងមានសេដ្ឋកិច្ចនាំមុខគេក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះ គឺដើម្បីរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់។

តាមរយៈ MoU នេះ កម្ពុជានឹងអាចពង្រីកទីផ្សារទេសចរណ៍របស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលជាទីផ្សារថ្មីមួយប្រកបដោយសក្ដានុពលខ្ពស់។ ក្រៅពីនេះ វាក៏ជាឱកាសដ៏ល្អក្នុងការអភិវឌ្ឍទេសចរណ៍ម៉ូស្លីម (Muslim Friendly) ព្រមទាំងបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌ ដើម្បីទាក់ទាញភ្ញៀវទេសចរអ៊ីរ៉ង់ដែលមានចំនួនច្រើនជាង ៥ដង ឱ្យមកទស្សនាប្រទេសកម្ពុជា។


លើសពីនេះ កិច្ចសហប្រតិបត្តិការនេះក៏នឹងបង្កើតកាលានុវត្តភាពវិនិយោគជាច្រើន ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលត្រូវបានគាំទ្រដោយភាពងាយស្រួលក្នុងការធ្វើដំណើរផ្លូវអាកាស។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Etihad បានដាក់ឱ្យដំណើរការជើងហោះហើរត្រង់រវាងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាំងពីដើមខែតុលាកន្លងទៅនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអ៊ីរ៉ង់មកកាន់កម្ពុជាកាន់តែងាយស្រួល។


កិច្ចចុះអនុស្សរណៈនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងអ៊ីរ៉ង់ ទាំងផ្នែកទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles