មីយ៉ាន់ម៉ា បង្ហាញវត្តមាន Mi-38 ថ្មីរបស់រុស្ស៊ីមុនគេបង្អស់លើពិភពលោក!

មីយ៉ាន់ម៉ា បង្ហាញវត្តមាន Mi-38 ថ្មីរបស់រុស្ស៊ីមុនគេបង្អស់លើពិភពលោក!

មីយ៉ាន់ម៉ាបានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលបាន និងប្រើប្រាស់ឧទ្ធម្ភាគចក្រ Mi-38 ម៉ូដែលថ្មីសន្លាងរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Myawady Daily កាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្លងទៅ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទទួលឧទ្ធម្ភាគចក្រ Mi-38 សរុបចំនួន ៣ គ្រឿងពីប្រទេសរុស្ស៊ី ដែលក្នុងនោះមានឧទ្ធម្ភាគចក្រដឹកជញ្ជូនចំនួន ២ គ្រឿង និងឧទ្ធម្ភាគចក្រ VIP មួយគ្រឿងសម្រាប់មន្ត្រីជាន់ខ្ពស់។ ពិធីប្រគល់-ទទួលដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅទីក្រុងណៃពិដោ ដោយមានវត្តមានចូលរួមពីមេដឹកនាំយោធា លោក មីន អ៊ុងឡាំង ផ្ទាល់ផងដែរ។

កិច្ចព្រមព្រៀងនៃការបញ្ជាទិញឧទ្ធម្ភាគចក្រទាំងនេះ មានតម្លៃប្រមាណ ៨៦ លានដុល្លារ ដែលត្រូវបានចុះហត្ថលេខាដំបូងកាលពីឆ្នាំ ២០២០។ ទោះជាយ៉ាងណា ការដឹកជញ្ជូនត្រូវបានពន្យារពេល ដោយសារតែបញ្ហាបច្ចេកទេសម៉ាស៊ីន និងជាពិសេសគឺរដ្ឋប្រហារយោធាឆ្នាំ ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឧទ្ធម្ភាគចក្រ Mi-38 គឺជាផលិតផលរបស់រោងចក្រឧទ្ធម្ភាគចក្រ Kazan របស់រុស្ស៊ី ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីជំនួសម៉ូដែលចាស់ៗដូចជា Mi-8 និង Mi-17។ វាមានសមត្ថភាពអាចដឹកអ្នកដំណើរបាន ៣០ នាក់ ឬទំនិញធ្ងន់រហូតដល់ ៦ តោន។ លើសពីនេះ Mi-38 អាចហោះហើរក្នុងល្បឿនរហូតដល់ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពប្រតិបត្តិការបានយ៉ាងល្អ ទោះបីជាស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ខ្លាំង ចាប់ពី -៥០ °C រហូតដល់ +៥០ °C ក៏ដោយ។

ចាប់តាំងពីឆ្នាំ ២០១៩ មក រុស្ស៊ីបានបញ្ចប់ការសាងសង់ និងដឹកជញ្ជូនឧទ្ធម្ភាគចក្រ Mi-38 សរុប ១២ គ្រឿង រួមទាំងគ្រឿងដែលបានលក់ទៅឱ្យមីយ៉ាន់ម៉ានេះផងដែរ។ បើទោះបីជាយ៉ាងនេះក្ដី រហូតមកទល់ពេលនេះ ឧទ្ធម្ភាគចក្រ Mi-38 នៅតែជាម៉ូដែលដែលផលិតបានក្នុងចំនួនតិចតួចនៅឡើយ។

បច្ចុប្បន្ន រុស្ស៊ីកំពុងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ដែលធ្វើឱ្យរុស្ស៊ីជួបការលំបាកក្នុងការនាំចូលគ្រឿងបន្លាស់ និងបច្ចេកវិទ្យា។ ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី (ទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ) ដែលអាចនឹងមិនអាចថែទាំ ឬជំនួសយន្តហោះជាច្រើនគ្រឿងរបស់ខ្លួននាពេលអនាគតបានទេ។ មន្ត្រីរុស្ស៊ីបានព្រមានថា យន្តហោះ និងឧទ្ធម្ភាគចក្ររាប់រយគ្រឿងអាចនឹងត្រូវផ្អាកដំណើរការនៅត្រឹមឆ្នាំ ២០៣០ ដោយសារតែការខ្វះខាតគ្រឿងបន្លាស់ និងលទ្ធភាពថែទាំ។

អត្ថបទ៖ ប៊ុន សុភាព

administrator

Related Articles