ទួរគីកក្រើក! ចាប់ខ្លួនមន្ត្រីក្លឹបជាន់ខ្ពស់ ៨រូប និងផ្អាកកីឡាករជាង ១ពាន់នាក់ ពាក់ព័ន្ធល្បែងស៊ីសងបាល់ទាត់ខុសច្បាប់!

ទួរគីកក្រើក! ចាប់ខ្លួនមន្ត្រីក្លឹបជាន់ខ្ពស់ ៨រូប និងផ្អាកកីឡាករជាង ១ពាន់នាក់ ពាក់ព័ន្ធល្បែងស៊ីសងបាល់ទាត់ខុសច្បាប់!

**អាងការបាត់បង់សីលធម៌ក្នុងវិស័យកីឡាជាតិ** កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសទួរគីបានបង្ក្រាបយ៉ាងកក្រើកទៅលើករណីល្បែងស៊ីសងបាល់ទាត់ខុសច្បាប់ ដោយបានចាប់ខ្លួនជាផ្លូវការនូវមនុស្សចំនួន ៨នាក់ រួមទាំងប្រធានក្លឹបបាល់ទាត់លំដាប់កំពូលមួយផងដែរ។ ទន្ទឹមនឹងគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) ក៏បានសម្រេចចិត្តដាក់បម្រាមទៅលើកីឡាករជាង ១.០២៤នាក់ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតផ្នែកវិន័យផងដែរ។

ការបង្ក្រាបដ៏ធំនេះបានកើតឡើង បន្ទាប់ពី TFF កាលពីដើមខែនេះ បានព្យួរការងារអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ រួចមកហើយ។ ការស៊ើបអង្កេតបានរកឃើញថា មន្ត្រីដែលបំពេញការងារនៅក្នុងលីគអាជីពរបស់ប្រទេសមួយចំនួន កំពុងតែលេងភ្នាល់លើការប្រកួតបាល់ទាត់ផ្ទាល់តែម្តង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ប្រទេសទួរគីបានរាយការណ៍ថា តុលាការបានសម្រេចចាប់ខ្លួនលោក Murat Ozkaya ដែលជាប្រធានក្លឹបបាល់ទាត់ Eyupspor ព្រមទាំងបុគ្គល ៧នាក់ផ្សេងទៀត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងហ្មត់ចត់នេះ។ ជុំវិញបញ្ហានេះ ខាងក្លឹប Eyupspor មិនទាន់អាចធ្វើអត្ថាធិប្បាយបាននៅឡើយទេ។

ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ TFF បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកីឡាករចំនួន ១.០២៤នាក់ មកពីគ្រប់លីគទាំងអស់ទៅកាន់ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីព (PFDK) ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ ក្នុងចំណោមកីឡាករទាំងអស់នោះ មាន ២៧នាក់ មកពីក្របខ័ណ្ឌ Super Lig ត្រូវបានព្យួរការងារជាបណ្ដោះអាសន្នទាំងអស់។ កីឡាករទាំង ២៧នាក់នោះ រួមមានទាំងកីឡាករមកពីក្លឹបជើងឯកល្បីៗដូចជា Galatasaray និង Besiktas ព្រមទាំងក្លឹបដទៃទៀតផងដែរ។

មកទល់ពេលនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតនេះ ក៏ដូចជាសំណើរបស់ TFF សម្រាប់ការបើកទីផ្សារដោះដូរកីឡាកររយៈពេល ១៥ថ្ងៃនោះទេ។

លោក Ibrahim Haciosmanoglu ប្រធាន TFF បានចាត់ទុកស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនេះថាជា “វិបត្តិសីលធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងវិស័យបាល់ទាត់ទួរគី”។ ការស៊ើបអង្កេតផ្ទាល់របស់ TFF បានលាតត្រដាងការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតថា ក្នុងចំណោមអាជ្ញាកណ្តាលសកម្ម ៥៧១នាក់ នៅក្នុងលីគអាជីពរបស់ទួរគី មាន ៣៧១នាក់ មានគណនីភ្នាល់ ហើយ ១៥២នាក់ ក្នុងចំណោមពួកគេ កំពុងតែលេងល្បែងយ៉ាងសកម្ម។ ជាក់ស្តែង អាជ្ញាកណ្តាលម្នាក់ត្រូវបានគេរកឃើញថាបានភ្នាល់រហូតដល់ ១៨.២២៧ដង ខណៈអាជ្ញាកណ្តាល ៤២នាក់ផ្សេងទៀតបានភ្នាល់លើការប្រកួតបាល់ទាត់ច្រើនជាង ១ពាន់ដង។ ចំណែកអ្នកខ្លះទៀតត្រូវបានគេរកឃើញថាបានភ្នាល់តែម្តងគត់ប៉ុណ្ណោះ។

administrator

Related Articles