អាជ្ញាធរម៉ាឡេស៊ី-ថៃ បានបន្តរកឃើញសាកសពយ៉ាងតិច ២១នាក់បន្ថែមទៀត ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនប្រមាណ ២៣០នាក់ ដោយសារករណីលិចទូកមួយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ូលីស និងមន្ត្រីសមុទ្រ កាលពីថ្ងៃចន្ទ ទី១០ វិច្ឆិកា។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ទូកដែលក្រឡាប់នោះ បានដឹកជនអន្តោប្រវេសន៍ប្រហែល ៧០នាក់ ដែលភាគច្រើនគេជឿថាជាជនជាតិរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា ដើម្បីព្យាយាមចូលប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ ករណីលិចទូកនេះ បានកើតឡើងកាលពី ៤ថ្ងៃមុន នៅក្បែរកោះ Tarutao ក្នុងដែនទឹកថៃ។

លោក Romli Mustafa នាយកទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA) ប្រចាំរដ្ឋ Kedah និង Perlis បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសព ៥នាក់ទៀតនៅថ្ងៃចន្ទ ដោយមិនទាន់ដឹងពីសញ្ជាតិ ឬជាតិសាសន៍នៅឡើយ។ ដោយឡែក ជនរងគ្រោះ ៧នាក់ ដែលត្រូវបានរកឃើញកាលពីចុងសប្ដាហ៍ ត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិរ៉ូហ៊ីងយ៉ា។
លោក Mustafa បន្តថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះ ត្រូវបានគេរំពឹងថានឹងបន្តអស់រយៈពេល ៧ថ្ងៃ ដោយអាស្រ័យលើលទ្ធផលនៃការរកឃើញ និងស្ថានភាពអាកាសធាតុ។ បច្ចុប្បន្ន នាវាសរុប ១២គ្រឿង កំពុងធ្វើការស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងតំបន់ដែលមានផ្ទៃក្រឡាប្រហែល ២៥០ ម៉ាយល៍សមុទ្រការ៉េ ដែលមានទំហំប្រហាក់ប្រហែលនឹងទីក្រុងសិង្ហបុរី។
យោងតាមការរៀបរាប់របស់អ្នកនៅរស់រានមានជីវិត ពួកគេបានចេញដំណើរពីប្រទេសមីយ៉ាន់ម៉ា ដោយជិះទូកធំមួយ ដែលដឹកមនុស្សប្រមាណ ៣០០នាក់ ហើយបានអណ្ដែតលើផ្ទៃសមុទ្រជិតមួយខែ។ ជនរងគ្រោះខ្លះនិយាយថា កប៉ាល់មេបានលិច ចំណែកខ្លះទៀតថា ក្រុមនេះត្រូវបានបំបែកជាទូកតូចៗចំនួន ៣ ហើយទូកមួយក្នុងចំណោមនោះបានជួបគ្រោះថ្នាក់តែម្ដង។
គួររំលឹកផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ាបានរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លា នៅប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ មនុស្សរាប់ពាន់នាក់បានប្រថុយជីវិតជារៀងរាល់ឆ្នាំ ដើម្បីរត់គេចពីការគាបសង្កត់ និងជម្លោះ ដោយភាគច្រើនជិះទូកកែច្នៃ។ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ នេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៦៥៧នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងដែនទឹកក្នុងតំបន់នេះ។
