យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Today នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា គេហទំព័រអង្គការឃ្លាំមើលរញ្ជួយដីរបស់ថៃបានរាយការណ៍ពីករណីរញ្ជួយដីមួយកម្រិត ២.០ រ៉ិចទ័រ នៅក្នុងជម្រៅ ៥ គីឡូម៉ែត្រ ស្ថិតក្នុងខេត្ត Lamphun កាលពីវេលាម៉ោងប្រមាណ ៧:៥១ នាទីព្រឹក។

ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋានមិនទាន់ទទួលបានព័ត៌មានអំពីករណីរងរបួស ស្លាប់ ឬការខូចខាតទ្រព្យសម្បត្តិណាមួយនៅឡើយទេ ហើយក៏គ្មានប្រជាពលរដ្ឋណាម្នាក់បានរាយការណ៍ពីអារម្មណ៍រំញ័រ ឬវិលមុខដោយសារការរញ្ជួយដីនេះដែរ។
គួររំលឹកផងដែរថា ខេត្តភាគខាងជើងរបស់ថៃមួយនេះធ្លាប់បានជួបប្រទះការរញ្ជួយដីលើកទីមួយ កាលពីវេលាម៉ោង ៤:៥៤ នាទីព្រឹក ដោយមានកម្រិត ២.៣ រ៉ិចទ័រ ក្នុងជម្រៅត្រឹមតែ ១ គីឡូម៉ែត្រ។ បន្តិចក្រោយមក នៅវេលាម៉ោង ៥:០៦ នាទីព្រឹក រញ្ជួយដីលើកទីពីរបានកើតឡើង ដោយមានកម្រិត ១.៧ រ៉ិចទ័រ។

ទោះបីជាទំហំនៃការរញ្ជួយដីទាំង៣លើកនេះមានកម្រិតទាបក៏ដោយ ក៏ការកើតឡើងបន្តបន្ទាប់ក្នុងរយៈពេលខ្លីបែបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងស្ថាប័នពាក់ព័ន្ធ ជាពិសេសនៅតំបន់ភាគខាងជើងប្រទេសថៃ ដែលជាតំបន់តែងតែកើតមានរញ្ជួយដីញឹកញាប់៕
