អ៊ុយក្រែន ស្នើទិញ Patriot ដល់ទៅ ២៧ គ្រឿង ពីអាមេរិក ខណៈរុស្ស៊ីបង្កើនការវាយប្រហារ!

អ៊ុយក្រែន ស្នើទិញ Patriot ដល់ទៅ ២៧ គ្រឿង ពីអាមេរិក ខណៈរុស្ស៊ីបង្កើនការវាយប្រហារ!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកកំពុងស្វះស្វែងរកទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៧ គ្រឿង ពីក្រុមហ៊ុនអាមេរិក ដើម្បីពង្រឹងការការពារប្រទេស។ ការប្រកាសនេះធ្វើឡើង ខណៈដែលអ៊ុយក្រែន ក៏កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ប្រាក់កម្ចីមួយចំនួនផងដែរ។ ព័ត៌មាននេះ ត្រូវបានចុះផ្សាយនៅក្នុងបទសម្ភាសន៍របស់មេដឹកនាំអ៊ុយក្រែនជាមួយកាសែត The Guardian នៅថ្ងៃទី៩ ខែវិច្ឆិកា។

ប្រព័ន្ធការពារដែនអាកាស Patriot

សំណើបន្ទាន់នេះ កើតឡើងចំពេលដែលរុស្ស៊ី បានបង្កើនការវាយប្រហារយ៉ាងសាហាវទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ខណៈរដូវរងាជិតចូលមកដល់។ ជាក់ស្ដែង ការវាយប្រហារនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា បានបណ្ដាលឱ្យរោងចក្រថាមពលកម្ដៅទាំងអស់ ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Centrenergo ត្រូវបង្ខំចិត្តបិទទ្វារទាំងស្រុង។ មិនតែប៉ុណ្ណោះ យោងតាម Kyiv Independent ការវាយប្រហាររបស់រុស្ស៊ី ក៏បានសម្លាប់មនុស្ស ៣ នាក់ និងបង្ករបួសដល់យ៉ាងហោចណាស់ ១៨ នាក់ នៅក្នុងតំបន់ Donetsk និង Kherson ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននៅតែត្រូវការជំនួយអន្តរជាតិបន្ថែមទៀត រហូតទាល់តែសង្គ្រាមបញ្ចប់។ លោកបានលើកឡើងថា៖ «វាមិនទាន់គ្រប់គ្រាន់ទេ។ វាគ្រប់គ្រាន់នៅពេលដែលសង្គ្រាមចប់។ ហើយគ្រប់គ្រាន់នៅពេលដែលពូទីនយល់ថា គាត់ត្រូវតែបញ្ឈប់»។

ទាក់ទងនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក លោក ហ្សេលេនស្គី ក៏បានថ្លែងផងដែរថា ទំនាក់ទំនងរបស់លោកជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានភាពវិជ្ជមាន ទោះបីជាមានការព្រួយបារម្ភអំពីការផ្លាស់ប្ដូរជំហររបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា៖ «យើងជាមិត្តនឹងគ្នា ដូច្នេះហេតុអ្វីយើងត្រូវខ្លាច?»។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៊ុយដាប៉ែស ដោយលើកហេតុផលថាកិច្ចប្រជុំនេះនឹងមិនមានប្រសិទ្ធភាពនោះទេ ពោលគឺលោកមិនចង់ «ខ្ជះខ្ជាយពេលវេលា»។ ទោះជាយ៉ាងនេះក្តី អាមេរិកនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដដែល។

administrator

Related Articles