(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានជម្រុញសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឱ្យបន្តពង្រឹងការរៀបចំ និងកែលម្អតំបន់អភិរក្សព្រៃកោងកាងទឹកសាបដ៏កម្រមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពិសេសសម្រាប់ខេត្តសៀមរាប។ នេះជាការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍អេកូធម្មជាតិក្នុងតំបន់។

ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះពិនិត្យតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ មានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងជាពិសេសគឺសម្រាប់ប្រទេសជាតិទាំងមូល។ លោកបានបន្តទៀតថា មនុស្សជាច្រើនធ្លាប់តែស្គាល់ព្រៃកោងកាងទឹកប្រៃនៅតាមឆ្នេរសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបក៏មានព្រៃកោងកាងទឹកសាបដុះលូតលាស់យ៉ាងច្រើនស្ទើរ ១០០ហិកតាឯណោះ ដែលត្រូវបានសហគមន៍ព្រៃឈើថែរក្សាការពារយ៉ាងខ្ជាប់ខ្ជួន។

លោកអភិបាលរងខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះជាផលិតផលទេសចរណ៍ដ៏ប្លែក និងទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់សៀមរាបអង្គរនេះ កាន់តែច្រើនលើសលប់»។

គួរបញ្ជាក់ថា សហគមន៍ទឹកជប់ខ្នារពោធិ៍ គឺជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬហៅថាកោងកាងគោក ដែលត្រូវបានគេទទួលស្គាល់ថាធំជាងគេបង្អស់នៅកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានផ្ទៃដីសរុប ១ ០២២ ហិកតា ក្នុងនោះមានព្រៃកោងកាងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៩៨ ហិកតា (ប្រហែល ១០% នៃផ្ទៃដីសរុប)។ ទោះបីជាខេត្តសៀមរាបល្បីល្បាញលើសកលលោកថាជាទឹកដីនៃសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សម្បូរបែបក៏ពិតមែន ក៏មនុស្សភាគច្រើននៅពុំទាន់បានដឹងឡើយថា ខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយដែរ។

សម្រាប់ភ្ញៀវទេសចរដែលចង់ទៅទស្សនាសហគមន៍ទឹកជប់ខ្នារពោធិ៍ គឺមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប ដែលអាចធ្វើដំណើរទៅដល់តំបន់អេកូទេសចរណ៍នេះយ៉ាងងាយស្រួល។ តំបន់នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍ជាផ្លូវការនៅឆ្នាំ២០១៩។ បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នោះគឺ ការដើរលើស្ពានឈើពត់បែនកាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង ១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ល្ហឹមគួរឱ្យគយគន់។ ក្រៅពីទេសចរណ៍ធម្មជាតិ សហគមន៍ក៏បានរៀបចំតូបអាហារ និងលក់ផលិតផលកសិកម្ម ព្រមទាំងអនុផលព្រៃឈើតាមរដូវកាល ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
