«ហ៊ុន ម៉ានី» ជំរុញគុណភាពសេវាសាធារណៈវិស័យអប់រំ តាមរយៈចលនាប្រឡងប្រណាំងអង្គភាពគំរូ

«ហ៊ុន ម៉ានី» ជំរុញគុណភាពសេវាសាធារណៈវិស័យអប់រំ តាមរយៈចលនាប្រឡងប្រណាំងអង្គភាពគំរូ

យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗចំនួន៣ ក្នុងការរៀបចំសិក្ខាសាលានេះឡើង។

ទី១៖ គឺដើម្បីចែករំលែកបទពិសោធន៍ល្អៗ ឧត្ដមានុវត្តន៍ និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់សេវារបស់ជ័យលាភីសាលាមត្តេយ្យសិក្សា សម្រាប់ជាធាតុចូល និងជាមូលដ្ឋានគ្រឹះក្នុងការគិតគូរ រៀបចំ និងអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យក្លាយទៅជាសាលាដែលមានទំនុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២៖ គឺដើម្បីជំរុញសាលាមត្តេយ្យសិក្សាទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

និងទី៣៖ គឺដើម្បីជំរុញ កៀរគរ និងលើកទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសាលាមត្តេយ្យសិក្សា និងធានាដល់ដំណើរការផ្ដល់សេវានៅតាមសាលាមត្តេយ្យសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះនឹងផ្ដល់ទស្សនទាន និងចំណេះដឹងថ្មីៗបន្ថែម ការបង្កើតទំនាក់ទំនងជាបណ្ដាញក្នុងវិស័យជាមួយគ្នា និងនៅកម្រិតដូចគ្នា រួមទាំងការសិក្សាពីបទពិសោធន៍ល្អៗ ជាពិសេសការបត់បែនសម្របតាមបរិបទ និងស្ថានភាពជាក់ស្ដែង ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ តាមរយៈចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនេះ ពិតជានឹងជំរុញលើកកម្ពស់ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព នឹងរួមចំណែកធ្វើឱ្យកុមារ និងយុវជនកម្ពុជាក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព និងជាទំពាំងស្នងឫស្សីបន្តវេន។ ឯកឧត្ដមបានបន្ថែមថា កត្តាទាំងអស់នេះសុទ្ធតែជាការចូលរួមកសាងមូលធនមនុស្ស ឈានទៅសម្រេចចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles