(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួស ខណៈដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលជាសំណល់ពីសង្គ្រាមស៊ីវិលកម្ពុជា។
ក្រសួងការពារជាតិបានកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញ រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនបានដកស្រង់សម្តីមន្ត្រីថៃ ដែលចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យទាហានរបស់ពួកគេរងរបួសធ្ងន់នៅខេត្តព្រះវិហារ។ ជុំវិញការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង។
ក្រសួងការពារជាតិបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលបានដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពមនុស្សជាតិនោះឡើយ។

ការពិតគឺ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនអស់ជាច្រើនទសវត្សរ៍កន្លងមក ក៏គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាម នៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាតំបន់មានមីន ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
យោងតាមព័ត៌មានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា ក្រោយកើតហេតុ កងកម្លាំងជួរមុខទាំងសងខាងបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ពេលនេះ ស្ថានការណ៍មានភាពស្ងប់ស្ងាត់ មិនមានភាពតានតឹងទេ។ ក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាសន្តិសុខ និងសុវត្ថិភាពប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
