ប៉ៃលិន៖ កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឪពុកបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជនរងគ្រោះជាឪពុក អតីតមន្ត្រីយោធាម្នាក់ ត្រូវបានកូនប្រុសបង្កើតរបស់ខ្លួនវាយនឹងចបកាប់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានជម្លោះពាក្យសម្ដីគ្នារឿងសុនខរបស់អ្នកភូមិមកបន្ទោរបង់ក្នុងបរិវេណផ្ទះ។
ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារដោយសារករណីគ្រឿងញៀន។

មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះជាឪពុកបានអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ។ ភ្លាមៗនោះ ជនសង្ស័យជាកូនបានស្រែកជេរគេជេរឯងពេញផ្ទះ។ ឪពុកឃើញដូច្នេះ ក៏ទៅប្រាប់កូនថា «កូនកុំស្រែកឡូឡាជេរអ៊ីចឹង ព្រោះពុកកំពុងឈឺផង»។ ប៉ុន្តែជនសង្ស័យហាក់មិនស្ដាប់ឡើយ បែរជាស្រែកជេរឪពុកទៀត ធ្វើឲ្យឪពុកខឹង ក៏បានទះកំផ្លៀងជនសង្ស័យមួយដៃ។ ភ្លាមៗនោះ ជនសង្ស័យក៏បានទះឪពុកវិញ បណ្ដាលឲ្យឪពុកដួលទៅលើដី។ បន្ទាប់មក ជនសង្ស័យបានទាញយកចបកាប់ វាយទៅលើឪពុកចំត្រង់ចំណុចថ្ងាសចំនួន១ផ្លែចប និងមុតរបួសខ្ទង់ច្រមុះរយះប្រវែងប្រហែល ៨សង់ទីម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេល ២យប់ ២ថ្ងៃ រហូតដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន។
