ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកម្ពុជា-ជប៉ុន (JCA) ចំនួន២៩រូប ដែលដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធានសមាគមផ្ទាល់ នៅទីស្តីការក្រសួង។ 
ជំនួបដ៏មានសារៈសំខាន់នេះ មានគោលបំណងចម្បងដើម្បីស្វែងយល់ស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាផ្លាស់ប្តូរទស្សនៈក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងថ្មីៗ និងចែករំលែកវឌ្ឍនភាពនៃគម្រោងដែលបានអនុវត្តរួចមកហើយជាមួយក្រសួង។ 
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូ JCA និងបានកោតសរសើរខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួង និង JCA ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ការផ្តល់ឱកាសដល់យុវជនខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំសុខភាព និងជួសជុលយានយន្ត។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងត្រៀមស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេសការបើកច្រកឱ្យពួកគេទទួលបានឱកាសការងារដ៏ល្អប្រសើរនៅក្នុងប្រទេសជប៉ុន។ 
ជាការឆ្លើយតប លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេសតាមរយៈការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិករបស់ JCA។ 
លោកប្រធាន JCA ក៏បានស្នើដល់ក្រសួងការងារបន្តពង្រឹងកិច្ចសហការ និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា។

ដោយ៖ តារា
