ព្រៃឈរ៖ កូន​ចិត្ត​ខ្មៅ​កាប់​ម្ដាយ​បង្កើត​របួសធ្ងន់​ព្រោះ​ខឹង​រឿង​ស្ដីបន្ទោស​ក្មួយ

ព្រៃឈរ៖ កូន​ចិត្ត​ខ្មៅ​កាប់​ម្ដាយ​បង្កើត​របួសធ្ងន់​ព្រោះ​ខឹង​រឿង​ស្ដីបន្ទោស​ក្មួយ

ខេត្តកំពង់ចាម៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បុរស​ជា​កូន​ចិត្ត​ខ្មៅ​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ កាប់​ម្ដាយបង្កើត​របស់​ខ្លួន​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ និង​ឃាត់ខ្លួន​ភ្លាមៗ​ រួម​ជាមួយ​វត្ថុ​តាង​ជា​កាំបិត​ប៉័ងតោ​ផងដែរ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឈ្មោះ ធី ឃី ភេទ​ប្រុស អាយុ ៤១ឆ្នាំ ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​របស់​ខ្លួន​ចម្ងាយ​ប្រមាណ​ជាង ១,០០០​ម៉ែត្រ ឆ្ពោះ​មក​ផ្ទះ​ម្ដាយ​បង្កើត​របស់​ខ្លួន គឺ​លោកយាយ នួន សុខុម អាយុ ៧១ឆ្នាំ ដែល​រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ។

ពេល​ទៅ​ដល់​ផ្ទះ​ម្ដាយ ជនសង្ស័យ​បាន​ឃើញ​ក្មួយ​ប្រុស​តូច​អាយុ ៥ឆ្នាំ កំពុង​ចុច​ទូរស័ព្ទ​ដៃ ក៏​កើត​កំហឹង​ទះកំផ្លៀង​ក្មួយ​មួយ​ដៃ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ក្មួយ​ស្រែក​យំ។ ឃើញ​សកម្មភាព​នេះ លោកយាយ នួន សុខុម ជា​ម្ដាយ​ក៏បាន​ស្ដីបន្ទោស​កូន​ថា «ឯង​ម្ដេច​ធ្វើ​អ​ញ្ចឹ​ង គ្នា​នៅ​តូច​ណាស់»។

ដោយសារ​តែ​ពាក្យ​ស្ដីបន្ទោស​បន្តិចបន្តួច​នេះ ឈ្មោះ ធី ឃី បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​បាន​ស្ទុះ​ទៅ​ទាញ​យក​កាំបិត​ប៉័ងតោ​ពណ៌​ខ្មៅ​មួយ​ដើម​ពី​ចង្ក្រានបាយ​ក្រោមផ្ទះ រួច​ធ្វើការ​កាប់​ប្រហារ​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ត្រង់​ក្បាល និង​លើ​រាងកាយ​តែម្ដង។
Incident Scene
ភ្លាមៗ​នោះ អ្នក​ជិតខាង​ដែល​ឮ​សំឡេង​ឆោឡោ​ក៏បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​សុំ​អន្តរាគមន៍។ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធី ឃី ជា​បន្ទាន់។

បច្ចុប្បន្ន លោកយាយ នួន សុខុម ត្រូវ​បាន​សមាជិក​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ចំណែក​ឯ​បុរស​ជា​កូន​ចិត្ត​ឃោរឃៅ​រូប​នេះ​វិញ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់។

administrator

Related Articles