ក្តីសង្ឃឹមថ្មី! កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះទី៩៧ ជូនគ្រួសាររងគ្រោះនៅស្រុកស្វាយលើ

ក្តីសង្ឃឹមថ្មី! កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះទី៩៧ ជូនគ្រួសាររងគ្រោះនៅស្រុកស្វាយលើ

យោងតាមក្រសួងព័ត៌មាន បានប្រកាសនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រមួយនៅស្រុកស្វាយលើ។

ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ រួមមានបន្ទប់គេង ២ បន្ទប់ទឹក ១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ ១០ បាតក្រាលការ៉ូ និងមានកម្ពស់ផុតពីដី ០.៥ ម៉ែត្រ។ ការសាងសង់ផ្ទះនេះ បានចំណាយទឹកប្រាក់សរុប ៣,៨០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាការឧបត្ថម្ភដ៏សប្បុរសពីលោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា។

ក្នុងពិធីប្រគល់ផ្ទះនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករឭក និងមនោសញ្ចេតនាខ្ពស់បំផុតពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះ លោកជំទាវក៏បាននាំនូវការយកចិត្តទុកដាក់ពីឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពកក់ក្ដៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ នេះគឺស្របតាមទិសស្លោករបស់កាកបាទក្រហមកម្ពុជាថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសដ៏សំខាន់នេះ លោកជំទាវក៏បានប្រគល់អំណោយសង្កត់ផ្ទះមួយចំនួនបន្ថែមទៀត រួមមាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២គីឡូក្រាម, កន្ទេល ២, ឃីត ២កញ្ចប់ សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកជីវភាព។

មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវក៏បានបន្តផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើ ចំនួន ៨០គ្រួសារផ្សេងទៀត ដោយមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។

ជាពិសេស សម្រាប់ចាស់ជរា និងជនមានពិការភាព លោកជំទាវក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ផងដែរ។

សកម្មភាពមនុស្សធម៌ទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយជីវភាព និងផ្ដល់ក្ដីសង្ឃឹមថ្មីដល់ប្រជាពលរដ្ឋរងគ្រោះ ជាពិសេសក្នុងឱកាសដែលពួកគាត់កំពុងប្រឈមនឹងការលំបាក។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles