កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹង “ធ្វើអ្វីៗគ្រប់យ៉ាង” ដើម្បី “ធ្វើឲ្យស៊ីរីទទួលបានជោគជ័យ” បន្ទាប់ពីជំនួបប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំស៊ីរីមកកាន់សេតវិមានក្នុងរយៈពេលជិត ៨០ឆ្នាំ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារជិតពីរម៉ោង លោក ត្រាំ បានសម្តែងការសរសើរចំពោះលោក Sharaa ដោយហៅថាជា «មេដឹកនាំដ៏រឹងមាំ» ដែល «កំពុងព្យាយាមកសាងប្រទេសរបស់លោកឡើងវិញ ក្រោយឆ្លងកាត់អតីតកាលដ៏លំបាក»។
លោក ត្រាំ បានបន្តថា៖ «គាត់មកពីកន្លែងដ៏លំបាកមួយ ហើយគាត់ជាមនុស្សចេះតស៊ូ។ ខ្ញុំពិតជាពេញចិត្តគាត់ណាស់។ យើងចង់ឃើញស៊ីរីក្លាយជាប្រទេសដ៏ជោគជ័យមួយ ហើយខ្ញុំជឿជាក់ថា មេដឹកនាំរូបនេះអាចធ្វើវាបាន»។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីការស្តារប្រទេសស៊ីរីឡើងវិញ ក្រោយការបញ្ចប់ការគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍របស់គ្រួសារ Assad ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលទណ្ឌកម្មដែលនៅសេសសល់ និងការធ្វើសមាហរណកម្មរដ្ឋធានីដាម៉ាសឡើងវិញទៅក្នុងឆាកការទូតអន្តរជាតិ។
លោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសតួកគី និងអ៊ីស្រាអែល ដើម្បីធានាស្ថិរភាពក្នុងតំបន់។ លោកបានបន្ថែមថា៖ «គាត់មានទំនាក់ទំនងល្អជាមួយប្រធានាធិបតី Erdogan ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ ហើយយើងក៏កំពុងធ្វើការជាមួយអ៊ីស្រាអែលផងដែរ ក្នុងការស្តារទំនាក់ទំនងជាមួយប្រទេសស៊ីរី»។

ដំណើរទស្សនកិច្ចរបស់លោក Sharaa ត្រូវបានគេមើលឃើញថាជាចំណុចរបត់ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងស៊ីរី។ រដ្ឋបាលលោក ត្រាំ បានដកទណ្ឌកម្មមួយចំនួនដែលធ្លាប់បានដាក់ក្នុងអំឡុងការគ្រប់គ្រងរបស់លោក Bashar al-Assad ហើយបានបង្ហាញពីការបើកចំហក្នុងការស្តារទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឡើងវិញ នៅពេលដែលស៊ីរីចូលរួមជាមួយក្រុមចម្រុះប្រឆាំងក្រុមជ្រុលនិយម ISIS។
មកទល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយអំពីលទ្ធផលនៃកិច្ចប្រជុំនេះទេ ប៉ុន្តែគេជឿជាក់ថា សេចក្តីប្រកាសនឹងផ្តោតលើកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរ។
គួររំលឹកផងដែរថា លោក ត្រាំ ធ្លាប់បានជួបជាមួយលោក Sharaa កាលពីខែឧសភា ក្នុងអំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយកាលនោះលោកបានហៅលោក Sharaa ថាជា «មេដឹកនាំវ័យក្មេង និងរឹងមាំ»។ ការអត្ថាធិប្បាយនេះបានបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងក្លារបស់រដ្ឋបាលអាមេរិកចំពោះរដ្ឋធានីដាម៉ាស ក្រោយភាពឯកោអស់ជាងមួយទសវត្សរ៍។
ប្រែសម្រួល៖ ឈាង
