ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដ៏សំខាន់មួយ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយគណៈអធិបតីពីររូបគឺ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី (ក.ត.គ.ដ.) រួមជាមួយ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សិក្ខាសាលានេះ កាលពីម្សិលមិញ មានការចូលរួមយ៉ាងផុសផុលពីសមាជិក-សមាជិកា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មតាមបណ្ដាខេត្តគោលដៅ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា តំណាងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបចំនួន ៧៥ នាក់។ គោលបំណងចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីប្រមូលធាតុចូល ពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម ធ្វើយ៉ាងណាឱ្យសេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃគោលនយោបាយជាតិនេះ កាន់តែមានភាពច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយបំផុត។

គួររំលឹកថា គោលនយោបាយជាតិស្តីពីដំឡូងមីនេះ មានសូចនាករតាមដានការងារអនុវត្តរួមសំខាន់ៗសរុបចំនួន ២៧ ដែលគាំទ្រដោយសកម្មភាពសំខាន់ៗចំនួន ១១៤ តាមវិស័យពាក់ព័ន្ធ។ យុទ្ធសាស្ត្រនេះទទួលបានការចូលរួមអនុវត្តយ៉ាងសកម្មពីអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធសរុបចំនួន ១៨ ។

ឆ្នាំ២០២៥ គឺជាឆ្នាំចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិដ៏សំខាន់នេះ។ ក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ន ក្រសួងពាណិជ្ជកម្មមានភារកិច្ចស្នូលក្នុងការសម្របសម្រួលជាមួយអន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិនេះ។ នេះគឺក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម ដើម្បីដាក់ជូនក្រុមការងារអន្តរក្រសួង-ស្ថាប័នពិនិត្យលទ្ធភាពរៀបចំយន្តការ និងកំណត់ទិសដៅបន្ទាប់ក្នុងការបន្តជំរុញ និងអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។


ដោយ៖តារា
