ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!

ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងមមាញឹកប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ។ ទឹកជំនន់បានស្រកចុះបន្តិចម្ដងៗ បង្ហាញពីទិដ្ឋភាពនៃការខូចខាតដ៏ធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ។

ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបង្ខំឲ្យប្រជាជនហ្វីលីពីនជាង ១,៤ លាននាក់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ព្យុះនេះកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដែលអាជ្ញាធរបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋជាង ៣.០០០ នាក់ និងបានចេញសេចក្តីព្រមានរួចជាស្រេច មុនពេលព្យុះទៅដល់នៅថ្ងៃពុធស្អែកនេះ។

គួររំលឹកថា នេះគឺជាព្យុះទីហ្វុងធំទីពីរហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២៣២ នាក់កាលពីពេលថ្មីៗនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យព្យុះស៊ីក្លូនត្រូពិចកាន់តែមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងឡើងៗ ដែលជាលទ្ធផលបណ្តាលមកពីសកម្មភាពរបស់មនុស្សធ្វើឲ្យមហាសមុទ្រមានសីតុណ្ហភាពក្តៅជាងមុន និងបង្កជាភ្លៀងធ្លាក់កាន់តែខ្លាំង។

ជាទូទៅ ប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយសារព្យុះទីហ្វុង និងខ្យល់ព្យុះជាមធ្យមប្រមាណ ២០ លើកក្នុងមួយឆ្នាំ រួមជាមួយនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិនៅលើពិភពលោក។

administrator

Related Articles