ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជំនួបនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈផែនការធុរកិច្ចយុទ្ធសាស្ត្រ។
ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោកចូលជួប។ ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានក្រុមហ៊ុនសរុប ៣០ ក្រុមហ៊ុន ទាំងចាស់ទាំងថ្មី បានចូលរួម។ លោកប្រធានសមាគមក៏បានរាយការណ៍អំពីវឌ្ឍនភាពដ៏ល្អប្រសើរនៃផែនការរបស់សមាគម បន្ទាប់ពីបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជាកាលពីឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានសមាគមបានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗដែលសមាគមកំពុងអនុវត្ត ដោយផ្ដោតលើ ៣ វិស័យចម្បង៖ ទី១) ការបណ្ដុះបណ្ដាលធនធានមនុស្ស តាមស្ដង់ដារជប៉ុន ដើម្បីលើកកម្ពស់ជំនាញពលករកម្ពុជា។ ទី២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដោយផ្តោតលើផលិតផលកសិកម្មមួយចំនួន។ និង ទី៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ប្រជាពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុនមកកាន់កម្ពុជា ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងបង្ហាញពីឱកាសវិនិយោគដ៏ទូលំទូលាយ។ សម្ដេចបានសង្កត់ធ្ងន់ពីការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលចំពោះផែនការ និងសកម្មភាពរបស់សមាគម ព្រមទាំងប្ដេជ្ញាបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការអនុវត្តផែនការធុរកិច្ច និងវិនិយោគនានារបស់ជប៉ុននៅកម្ពុជា។ ដើម្បីធានានូវប្រសិទ្ធភាព និងការរីកចម្រើនរួម សម្ដេចក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគម។
មុននឹងបញ្ចប់ សម្ដេចបវរធិបតីបានរំលឹកឡើងវិញពីគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ដែលបានព្រមព្រៀងគ្នាកាលពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភាកន្លងទៅ។ គម្រោងនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចក៏បានលើកទឹកចិត្តឱ្យសមាគមសិក្សា និងស្វែងយល់បន្ថែមអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជានាពេលអនាគត។
