កម្ពុជា​បដិសេធ​ដាច់អហង្ការ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​បាន​ដាក់​មីន​ថ្មី បណ្ដាលឱ្យយោធាថៃរងរបួស នៅ​ខេត្ត​ព្រះវិហារ!

កម្ពុជា​បដិសេធ​ដាច់អហង្ការ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​បាន​ដាក់​មីន​ថ្មី បណ្ដាលឱ្យយោធាថៃរងរបួស នៅ​ខេត្ត​ព្រះវិហារ!

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបានដាក់គ្រាប់មីនថ្មី បណ្តាលឱ្យយោធាថៃជាន់មីនផ្ទុះ និងរងរបួសធ្ងន់ធ្ងរ នៅខេត្តព្រះវិហារ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ឧបទ្ទវហេតុផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនោះ កើតឡើងនៅពេលពួកគេដើរល្បាតចូលទៅក្នុងតំបន់ចម្ការមីនចាស់ៗ ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា តាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំ និងមន្ត្រីយោធាថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា បានដាក់គ្រាប់មីនថ្មី បណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់នៅខេត្តព្រះវិហារ។ ជុំវិញការចោទប្រកាន់នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង។

ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
Cambodia-Thailand Border
ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីនអស់ជាច្រើនទសវត្សរ៍កន្លងមកនេះក្តី ក៏គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាម នៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងប្រទេសថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

គួរបញ្ជាក់ផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើតហេតុរួច កងកម្លាំងទាំងសងខាងនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះ សភាពការណ៍មានភាពស្ងប់ស្ងាត់ មិនមានភាពតានតឹងអ្វីនោះទេ។

ប្រភព៖ ក្រសួងការពារជាតិ

administrator

Related Articles