(ភ្នំពេញ)៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងទាក់ទាញ Likes, Shares, និង Views។ លោកបានសង្កត់ធ្ងន់ថា សូមទទួលព័ត៌មានតែពីប្រភពផ្លូវការ និងគួរឱ្យទុកចិត្តប៉ុណ្ណោះ។
ជាក់ស្តែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានរកឃើញករណីព័ត៌មានមិនពិត ការញុះញង់ និងការប្រឌិតរហូតដល់ ២,៨១០ករណី ដែលក្នុងនោះ ២,១២២ករណីទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែន។
ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ក្រសួងព័ត៌មានបានដាក់ចេញនូវវិធានការ ៩ចំណុច ក្រោមអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» រួមមាន៖ ការពង្រឹងច្បាប់សារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាល ការផ្តល់ចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ ការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ការបង្កើនប្រសិទ្ធភាពព័ត៌មានផ្លូវការ និងការសិក្សាស្រាវជ្រាវដើម្បីរៀបចំច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីឱ្យកម្ពុជាមិនត្រូវបានបំពុលដោយព័ត៌មានក្លែងក្លាយ សូមសាធារណជន ជាពិសេសអ្នកសារព័ត៌មាន ចូលរួមទាំងអស់គ្នា ដោយមិនបង្កើត មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ប្រសិនបើរកឃើញព័ត៌មានក្លែងក្លាយ សូមកុំរំលង តែត្រូវរួមគ្នាលុបបំបាត់ចោល ដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព សំណេរ ឬវីដេអូ។
«យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះសូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។ វិធានការមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ»។ នេះជាការលើកឡើងដ៏មុតមាំរបស់លោករដ្ឋមន្ត្រី។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំឆ្លើយតប និងទប់ស្កាត់សកម្មភាពបង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនខិលខូច ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកអំពាវនាវឱ្យក្រុមការងារបន្តបង្កើនសកម្មភាពឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលុបបំបាត់ព័ត៌មានមិនពិត និងកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ចំពោះការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ និងរហ័សទាន់ហេតុការណ៍។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ការបាត់បង់ជំនឿតាមរយៈព័ត៌មានក្លែងក្លាយ ដែលយើងមិនបានផ្សព្វផ្សាយតបទៅវិញ មិនបានបកស្រាយបកទៅវិញ គឺវាស្មើនឹងការបំផ្លាញខ្លួនយើងហើយ ចំពោះការបាត់បង់ជំនឿទុកចិត្តរបស់ពលរដ្ឋដោយសារព័ត៌មានក្លែងក្លាយ មិនមែនជាយុត្តិធម៌សម្រាប់យើងនោះទេ។ អ៊ីចឹងត្រូវមើលឱ្យឃើញពីតួនាទីរបស់ក្រសួងយើង»៕
