**រាជធានីរីយ៉ាដ ៖** នាឱកាសដ៏សំខាន់នៃការចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារយ៉ាងកក់ក្ដៅជាមួយលោកជំទាវ Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក។ ជំនួបនេះបានផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។



តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ភាគីទាំងពីរបានឯកភាពគ្នាជំរុញយ៉ាងឆាប់រហ័សនូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នាពេលខាងមុខ។ គោលដៅគឺពង្រីកកិច្ចសហប្រតិបត្តិការនេះតាមរយៈការបង្កើតផែនការសកម្មភាពជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ឱ្យកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។ លើសពីនេះ ក៏មានការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងភ្ញៀវទេសចរនៃប្រជាជនប្រទេសទាំងពីរ ជាពិសេសគឺក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រម៉ារ៉ុកក៏ជាសមាជិកអង្គការពិភពលោកនេះដែរ។



ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើកទំព័រថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ រួមទាំងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម។ វាក៏ជាកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ល្អទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្រ្វិក) ដែលមានប្រជាជនជាង ៤០លាននាក់។ បច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុកមកកម្ពុជា មានភាពងាយស្រួលដោយមានជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុលមកកាន់រាជធានីភ្នំពេញ។



**រាជធានីរីយ៉ាដ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕ ដោយ ៖ សិលា**
