ឥណ្ឌូណេស៊ី​បង្កើន​សមត្ថភាព​ស្តុក​ស្បៀង! ប្រធានាធិបតី​បញ្ជា​សាងសង់​ឃ្លាំង ១០០ កន្លែង​សម្រាប់​ស្រូវ​ពោត​ពី​កសិករ

ឥណ្ឌូណេស៊ី​បង្កើន​សមត្ថភាព​ស្តុក​ស្បៀង! ប្រធានាធិបតី​បញ្ជា​សាងសង់​ឃ្លាំង ១០០ កន្លែង​សម្រាប់​ស្រូវ​ពោត​ពី​កសិករ

ក្រុងហ្សាកាតា — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានចេញបញ្ជាឱ្យសាងសង់ឃ្លាំងស្តុកទុកថ្មីចំនួន ១០០ កន្លែង សម្រាប់ក្រុមហ៊ុនភស្តុភារជាតិ Bulog ក្នុងគោលបំណងពង្រឹងកិច្ចការប្រមូលទិញកសិផលសំខាន់ៗ ដូចជា ស្រូវ និងពោត ពីកសិករក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Antara កាលពីថ្ងៃអង្គារ។

លោក Zulkifli Hasan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «កាលពីពេលកន្លងមក ចំនួនឃ្លាំងរបស់ Bulog មានការថយចុះ ជាជាងការកើនឡើង។ ដូច្នេះ លោកប្រធានាធិបតីបានសម្រេចចិត្តថា យើងត្រូវដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដោយបន្ថែមឃ្លាំងចំនួន ១០០ កន្លែងទៀត»។

លោកបានបន្តពន្យល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មានបំណងបង្កើតឃ្លាំងស្តុកទុកទាំងនេះនៅតាមបណ្តាតំបន់ផលិតស្បៀងអាហារសំខាន់ៗ ដែលកំពុងជួបប្រទះបញ្ហាកង្វះខាតកន្លែងស្តុក ស្របពេលដែលឥណ្ឌូណេស៊ីកំពុងប្តេជ្ញាពង្រឹងសន្តិសុខស្បៀងដោយខ្លួនឯង។

លោក Zulkifli បានសង្កត់ធ្ងន់ថា ផែនការអភិវឌ្ឍឃ្លាំងស្តុកទំនិញនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីធានាបាននូវការគ្រប់គ្រងស្តុកស្បៀងអាហារជាតិឱ្យកាន់តែប្រសើរ ជាពិសេសជាមួយនឹងការព្យាករណ៍ថា ផលិតកម្មស្រូវនឹងកើនឡើងពី ៣០ លានតោនក្នុងឆ្នាំ ២០២៤ ដល់ ៣៤,៧៧ លានតោនក្នុងឆ្នាំ ២០២៥។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានត្រៀមថវិកាចំនួន ៥ ទ្រីលានរូពី (ប្រហែល ៣០០ លានដុល្លារអាមេរិក) ដើម្បីផ្តល់ហិរញ្ញប្បទានដល់គំនិតផ្តួចផ្តើមនានា ដែលមានគោលដៅជំរុញការប្រមូលទិញស្រូវ និងពោតពីកសិករក្នុងស្រុក។

administrator

Related Articles