រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវ! ប្រយ័ត្នព័ត៌មានក្លែងក្លាយជុំវិញព្រំដែនកម្ពុជា-ថៃ កុំចាញ់បោក!

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវ! ប្រយ័ត្នព័ត៌មានក្លែងក្លាយជុំវិញព្រំដែនកម្ពុជា-ថៃ កុំចាញ់បោក!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញមកអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនខិលខូចមួយចំនួន ដែលកំពុងបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ការណ៍នេះ គឺក្នុងបំណងទុច្ចរិតដើម្បីស្វែងរក Likes, Shares, និង Views តែប៉ុណ្ណោះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគួរតែទទួលព័ត៌មានពីប្រភពផ្លូវការ និងគួរឱ្យទុកចិត្តតែប៉ុណ្ណោះ។

រូបភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកផងដែរអំពីនិយមន័យនៃព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបំភ្លៃ បំផ្លើស បំភ័ន្តការពិត តាមរយៈរូបភាព អត្ថបទ វីដេអូ ឬសំឡេង។ ព័ត៌មានទាំងនេះ តែងតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាពិសេសនៅលើបណ្ដាញសង្គម ដើម្បីផលប្រយោជន៍នយោបាយ អាជីវកម្ម ឬបំផ្លាញកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តរបស់បុគ្គល ឬស្ថាប័នណាមួយ។ ក្នុងករណីមានការសង្ស័យថាជាព័ត៌មានក្លែងក្លាយ ឯកឧត្តមបានណែនាំឱ្យសាធារណជនកុំចែករំលែកបន្ត ហើយត្រូវរាយការណ៍ (Report) ទៅបណ្ដាញសង្គមដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយនឹងបន្តអនុវត្តទូទាំងប្រទេសរយៈពេល ១២ ខែ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ដូច្នេះហើយ ប្រជាពលរដ្ឋម្នាក់ៗ គឺជាបង្គោលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីរួមគ្នាធានាបាននូវបរិយាកាសសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព បម្រើប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

administrator

Related Articles