រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបជាមួយឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) រួមជាមួយប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនសមាជិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្ដូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងៗទៀត និងចែករំលែកអំពីវឌ្ឍនភាពនៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូសមាគម JCA និងបានកោតសរសើរ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនល្អប្រសើរនៃកិច្ចសហការ ដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្ដល់ឱកាសឱ្យយុវជនខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេសការផ្ដល់ឱកាសការងារនៅប្រទេសជប៉ុន។

ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើនកាន់តែល្អប្រសើរនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេសការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិកនៃសមាគម JCA។

បន្ថែមពីនេះ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុនបន្ថែមទៀត ឯកឧត្តមប្រធានសមាគម JCA បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ដំណើរការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា។


