ភ្នំពេញ៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំ «វេទិកាកេសរកូលជាតិលើកទី៥» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

វេទិកាដ៏សំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ ក៏ដូចជារបៀបដាំដុះ ថែទាំ គុណតម្លៃ និងអត្ថប្រយោជន៍របស់រុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងកម្មវិធីនេះ នឹងមានការតាំងបង្ហាញកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រទាល រុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត សំដៅជំរុញការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្ដោតលើសសរស្តម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ពិសេសសម្រាប់ឆ្នាំនេះ វេទិកាកេសរកូលជាតិក៏នឹងរៀបចំការប្រកួតគំនូរកេសរកូលផងដែរ។ បេក្ខជន បេក្ខនារី ដែលមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ អាចចូលរួមប្រកួតដោយប្រើប្រាស់ប្រភេទគំនូរពណ៌ទឹក ទំហំ A3។ កាលបរិច្ឆេទផុតកំណត់សម្រាប់បញ្ជូនស្នាដៃគឺត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណងចូលរួមប្រកួតប្រជែងគំនូរកេសរកូល មេត្តាបញ្ជូនស្នាដៃរបស់ខ្លួនឱ្យបានទាន់ពេលវេលា។ ក្រសួងបរិស្ថានក៏សូមអញ្ជើញបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ អញ្ជើញចូលរួមក្នុងវេទិកាកេសរកូលឆ្នាំ២០២៥ នេះឱ្យបានច្រើនកុះករ និងផុលផុស។

ដោយ៖តារា
