ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា តាមរយៈលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ។
ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស នៅពេលពួកគេដើរល្បាតចូលតំបន់ចម្ការមីនចាស់ៗ ដែលជាកេរដំណែលសង្គ្រាមស៊ីវិលកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបានកត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន បានដកស្រង់សម្តីមេដឹកនាំ និងមន្ត្រីយោធាថៃ ចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី ដែលបណ្តាលឱ្យយោធារបស់ខ្លួនរងរបួសធ្ងន់នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជា បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ។
ក្រសួងបានសង្កត់ធ្ងន់ថា ចាប់តាំងពីកម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាមក គឺកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ដោយមិនដែលបានដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពមនុស្សជាតិឡើយ។
តាមពិតទៅ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន បានធ្វើឡើងអស់ជាច្រើនទសវត្សរ៍ក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះ ដែលជាសំណល់ពីសង្គ្រាម នៅតែជាការគំរាមកំហែងដល់សុវត្ថិភាពប្រជាជនស្លូតត្រង់ ពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ ក្រសួងការពារជាតិបានអំពាវនាវដល់ភាគីថៃ ឱ្យចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាតំបន់ដែលមានមីនសេសសល់ពីសង្គ្រាម ដើម្បីជៀសវាងគ្រោះថ្នាក់ និងការបង្កភាពតានតឹងដោយមិនចាំបាច់។
ជាមួយគ្នានេះ យោងតាមរបាយការណ៍ពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា ក្រោយកើតហេតុ កងកម្លាំងទាំងសងខាងនៅជួរមុខ បានទំនាក់ទំនងគ្នា ហើយមកទល់នឹងពេលនេះ ស្ថានការណ៍មានភាពស្ងប់ស្ងាត់ មិនមានភាពតានតឹងឡើយ។
ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ព្រមទាំងធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
