ថៃច្រានចោលការអនុគ្រោះ! ពលករខ្មែរជាង៥២ម៉ឺននាក់ប្រឈមការបណ្ដេញចេញពីថៃឆ្នាំក្រោយ?

ថៃច្រានចោលការអនុគ្រោះ! ពលករខ្មែរជាង៥២ម៉ឺននាក់ប្រឈមការបណ្ដេញចេញពីថៃឆ្នាំក្រោយ?

ក្រសួងមហាផ្ទៃថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុន បានប្រកាសបដិសេធមិនបន្តអនុវត្តសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីចាស់ ដែលធ្លាប់អនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅបន្តហួសកាលកំណត់បណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី ទ្រីសូលី ទ្រីសូរ៉ាណាកុល (Trisulee Trisoranakul) បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក អានុទីន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចិត្តមិនចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ក្រសួង ដើម្បីអនុញ្ញាតឱ្យពលករកម្ពុជាដែលផុតកំណត់ស្នាក់នៅថៃត្រឹមខែកុម្ភៈ អាចបន្តធ្វើការនៅក្នុងប្រទេសថៃបានទៀតឡើយ។

ការសម្រេចចិត្តថ្មីនេះកើតឡើងចំពេលដែលភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីភាគីថៃបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីខែមុន។

រដ្ឋាភិបាលថៃចាស់ដែលដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) កាលពីថ្ងៃទី១៩ ខែសីហា បានយល់ព្រមអនុញ្ញាតឱ្យពលករកម្ពុជាស្នាក់នៅក្នុងប្រទេសថៃជាបណ្ដោះអាសន្ន ដោយហេតុផលថា ដើម្បីផ្ដល់ពេលវេលាបន្ថែមដល់មន្ត្រីថៃក្នុងការត្រួតពិនិត្យអត្តសញ្ញាណ និងទីកន្លែងស្នាក់នៅរបស់ពួកគេឱ្យបានត្រឹមត្រូវ។
Cambodian workers in Thailand

ទោះជាយ៉ាងណា ការសម្រេចចិត្តកាលពីមុននេះ ទាមទារឱ្យមានការប្រកាសជាផ្លូវការពីក្រសួងមហាផ្ទៃជាមុនសិន ទើបអាចចូលជាធរមានបាន ដោយសារក្រសួងនេះជាអ្នកទទួលបន្ទុកលើសន្តិសុខផ្ទៃក្នុង។ ផែនការអនុគ្រោះកាលពីដើម គឺមានបំណងដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្ម បន្ទាប់ពីពលករកម្ពុជាជាច្រើនបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃជុំវិញភាពតានតឹងព្រំដែន រួមទាំងជម្លោះរយៈពេល៥ថ្ងៃនៅចុងខែកក្កដា។ ក្រោយមក ថៃក៏បានព្យាយាមនាំយកពលករពីប្រទេសដទៃដូចជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាមផងដែរ ប៉ុន្តែកង្វះពលករកម្ពុជានៅតែជាកង្វល់ចម្បង។

លោកស្រី ទ្រីសូលី បានបន្ថែមថា យោងតាមទិន្នន័យផ្លូវការ ពលករកម្ពុជាជាង ៥២០,០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេសថៃមុនពេលមានជម្លោះប្រដាប់អាវុធ ប៉ុន្តែបច្ចុប្បន្ននេះនៅសល់តែប្រហែល ១០០,០០០ នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រសួងការងារកម្ពុជាបានឱ្យដឹងនៅដើមខែសីហាថា ពលករចំណាកស្រុកខ្មែរប្រមាណជិត ៩០ ម៉ឺននាក់ បានវិលត្រឡប់ចូលស្រុកវិញ។

administrator

Related Articles