កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់លេខ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ ។ ភ្លាមៗនោះ កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់ ដើម្បីយកមកសាកសួរបំភ្លឺនៅទីបញ្ជាការ ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំង២ផ្សេងគ្នា ។ ទីតាំងទីមួយស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតនៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានបញ្ជាក់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញបានចុះស្រាវជ្រាវភ្លាមៗ រហូតដល់ម៉ោង២០និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកំណត់បានមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនបានចំនួន៤នាក់មុនគេ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតបាននៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពីការសួរនាំយ៉ាងល្អិតល្អន់ ជនសង្ស័យទាំង៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន២លើកមែន ។ លើកទី១ គឺក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ បានលួចម៉ូតូនៅសង្កាត់ក្របីរៀល និងលើកទី២ បានលួចនៅហាងស៊ប់អន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងអាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ជាពិសេសករណីទុកម៉ូតូចោលដោយធ្វេសប្រហែស ដែលអាចធ្វើឱ្យជនឆ្លៀតឱកាសលួចយកទៅបាត់បានដោយងាយ ៕
