ចាប់បានហើយ! កូនកំណាចកាប់ឪពុកឯងស្លាប់ ក្រោយលាក់ខ្លួន២យប់២ថ្ងៃនៅប៉ៃលិន

ចាប់បានហើយ! កូនកំណាចកាប់ឪពុកឯងស្លាប់ ក្រោយលាក់ខ្លួន២យប់២ថ្ងៃនៅប៉ៃលិន

ប៉ៃលិន៖ កម្លាំងនគរបាលក្រុងប៉ៃលិន បានប្រើប្រាស់រយៈពេល២ថ្ងៃ២យប់ ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាកូនបង្កើត ដែលបានសម្លាប់ឪពុកខ្លួនឯងយ៉ាងឃោរឃៅ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រោយទទួលព័ត៌មានពីករណីឃាតកម្មដ៏រន្ធត់មួយនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ដែលបណ្តាលឲ្យជនរងគ្រោះជាឪពុកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ លោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។ បន្ទាប់មក លោកបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតខាងលើ។

ជនសង្ស័យមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ អោង ខែម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។

លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ បានរៀបរាប់ពីហេតុការណ៍មុនកើតហេតុថា ជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ហើយជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលមុខផ្ទះ។ ភ្លាមនោះ ជនសង្ស័យបានស្រែកជេរគេឯងពេញផ្ទះ ធ្វើឲ្យឪពុកទៅប្រាប់ថា “កូនកុំស្រែកឡូឡាជេរអញ្ចឹង ព្រោះពុកកំពុងឈឺផង”។ ពេលនោះ ជនសង្ស័យមិនត្រឹមតែមិនស្តាប់ទេ ថែមទាំងស្រែកជេរឪពុកទៀត ធ្វើឲ្យឪពុកខឹង ក៏ទះជនសង្ស័យមួយដៃ។ ជនសង្ស័យក៏ទះតបវិញ បណ្តាលឲ្យឪពុកដួល ហើយជនសង្ស័យបានទាញចបវាយទៅលើឪពុកបន្ថែម បណ្តាលឲ្យបែកក្បាលធ្ងន់ធ្ងរ រួចគេចខ្លួនបាត់។

អធិការនគរបាលក្រុងប៉ៃលិន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១០:៣១នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ។ ជាលទ្ធផល បង្ហាញថា ពុំមានផ្ទុកសារធាតុញៀននោះទេ។

គួររំលឹកថា កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដ៏សាហាវនេះ ដោយកូនបង្កើតកាប់សម្លាប់ឪពុកនឹងចបកាប់ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនរងគ្រោះត្រូវបានជនសង្ស័យជាកូនបង្កើតកាប់ចំថ្ងាសចំនួន១ចបកាប់ បណ្តោយតាមខ្ទង់ច្រមុះ រយះប្រវែង៣ថ្នាំងដៃ និងបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

administrator

Related Articles