ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មីម្តងទៀត បន្ទាប់ពីទាហានថៃម្នាក់បានរងរបួសដោយសារជាន់មីន រួចភាគីថៃក៏បានយកលេសនេះប្រកាសលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ដែលកិច្ចព្រមព្រៀងនេះមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី។ លើសពីនេះ ថៃក៏បានចោទប្រកាន់ទីក្រុងគូឡាឡាំពួ ថាបានជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងនេះទៀតផង។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញមុខបញ្ជាក់ថា លោកនៅតែបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីកម្ពុជា និងថៃ ហើយនឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនេះ។

យោងតាមការចុះផ្សាយរបស់កាសែត The Star នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អាន់វ៉ា បានធ្វើការប្រកាសនេះឡើង ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់ឧត្តមសេនីយ៍ចូលនិវត្តន៍ថៃម្នាក់ ដែលបានអះអាងថា ម៉ាឡេស៊ីជា “បាតដៃទី៣” ហើយបានលំអៀងទៅខាងកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយថៃ។
លោក អាន់វ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកសួរខ្ញុំ ខ្ញុំកំពុងតែបួងសួងសុំឲ្យបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយសន្តិវិធី។ ហេតុអ្វីបានជាអ្នកចង់អបអរសាទរទៅវិញ បើប្រទេសទាំងពីរនៅតែបន្តប្រយុទ្ធគ្នា? ឬក៏អ្នកគ្រាន់តែចង់បង្ហាញឲ្យគេឯងឃើញថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបរាជ័យ? នេះគឺជាវិធីសាស្រ្តដ៏គ្រោះថ្នាក់មួយ។ ម៉ាឡេស៊ីនៅតែប្តេជ្ញាបន្តសម្របសម្រួលក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ។ សូម្បីតែនាយករដ្ឋមន្ត្រីថៃ ក៏មិនដែលបានចោទសួរអំពីតួនាទីរបស់ម៉ាឡេស៊ីឡើយ»។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែតុលា កម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ ដោយមានវត្តមានលោក អាន់វ៉ា និងលោក ត្រាំ ចូលរួមជាសាក្សី។ មុនពេលឈានដល់ការចុះហត្ថលេខានោះ គឺកាលពីថ្ងៃទី២៨ ខែកក្កដា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីភាពតានតឹងនៅតាមបណ្តោយព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍។
