ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដើម្បីបែងចែកថវិកាចំនួន ២០០០ ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋអាមេរិកម្នាក់ៗ។ លោកបានបញ្ជាក់ថា ថវិកាទាំងនេះនឹងបានមកពីចំណូលដែលប្រមូលបានតាមរយៈពន្ធគយ។
នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ត្រាំ បានហៅការបែងចែកនេះថាជា «ភាគលាភ» ដែលនឹងត្រូវចែកជូនដល់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប លើកលែងតែអ្នកដែលមានប្រាក់ចំណូលខ្ពស់។ ក្រោយមក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ បានថ្លែងប្រាប់សារព័ត៌មាន ABC ថា ការទូទាត់នេះអាចមានទម្រង់ផ្សេងៗគ្នា រួមទាំងការបន្ធូរបន្ថយពន្ធជូនប្រជាជនផងដែរ។
លោក ត្រាំ បានអះអាងជាបន្តថា ពន្ធគយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ និងបានបង្កើតប្រាក់ចំណូលរាប់ទ្រីលានដុល្លារ។ លោកបានបន្ថែមទៀតថា ចំណូលទាំងនេះក៏អាចត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយបំណុលជាតិ ដែលបច្ចុប្បន្នលោកបានលើកឡើងថាមានចំនួន ៣៧ ទ្រីលានដុល្លារ។
យោងតាមរបាយការណ៍របស់ Politico ប្រាក់ដែលលោក ត្រាំ គ្រោងនឹងបែងចែកនេះ គឺបានមកពីចំណូលដែលប្រមូលបានតាមរយៈពន្ធគយរបស់រដ្ឋបាលលើទំនិញបរទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានកត់សម្គាល់ថា កម្មវិធីទូទាត់ផ្ទាល់បែបនេះទំនងជាទាមទារការយល់ព្រមពីសភា ដើម្បីរៀបចំចាត់ចែងចំណូលពន្ធឡើងវិញ។
សូមជម្រាបថា នាយកដ្ឋានរតនាគារអាមេរិកបានរាយការណ៍ថា បានប្រមូលពន្ធគយប្រមាណ ១៩៥ ពាន់លានដុល្លារ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំសារពើពន្ធ ២០២៥។
