ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួចឃាត់ខ្លួនភ្លាមៗតាមបណ្តឹងរបស់ភរិយា បន្ទាប់ពីមានជម្លោះពាក្យសម្តីបន្តិចបន្តួច បានវិវត្តន៍ទៅជាអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ 
ហេតុការណ៍ឃាត់ខ្លួនបុរសជាប្តីខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានបញ្ជាក់ថា បុរសដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ដួង សុវណ្ណមន្នីរដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅបច្ចុប្បន្នក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 
មុនឈានដល់ការឃាត់ខ្លួន បុរសជាប្តីដែលបង្កហិង្សាក្នុងគ្រួសារនេះ គឺកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ស្ត្រីម្នាក់ឈ្មោះ គុជ ចាន់ អាយុ៤៤ឆ្នាំ ដែលជាភរិយា បានទាក់ទងរាយការណ៍តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine)លេខ1292 មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ខ្លឹមសារនៃការរាយការណ៍បានបញ្ជាក់ថា មានករណីហិង្សាក្នុងគ្រួសារ (ប្តីវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) កើតឡើងស្ថិតនៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនបង្កឈ្មោះ ដួង សុវណ្ណមន្នីរដ្ឋ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីយោធា ដែលមានទីលំនៅបច្ចុប្បន្នរស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ មន្ត្រីអាវុធហត្ថស្រុកភ្នំស្រួចបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួន បុរសជាប្តីរូបនេះត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ 
