កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យអាទិភាព!

កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យអាទិភាព!

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) រួមជាមួយគណៈប្រតិភូធុរជនជប៉ុនជាច្រើនរូប នៅវិមានសន្តិភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានបែងចែកពេលវេលាដ៏មមាញឹក។ ឯកឧត្តមបានជម្រាបជូនសម្តេចថា ដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីក្រុមហ៊ុនជប៉ុនថ្មីចាស់ចំនួន ៣០ ក្រុមហ៊ុន។ ឯកឧត្តមក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការរបស់ JCA បន្ទាប់ពីបានបើកការិយាល័យផ្លូវការនៅកម្ពុជាកាលពីឆ្នាំ២០២៤។ ជាងនេះទៅទៀត ឯកឧត្តមប្រធាន JCA បានលើកឡើងពីផែនការធុរកិច្ចសំខាន់ៗដែលកំពុងដំណើរការ ដោយផ្តោតលើ ៣ វិស័យស្នូល៖ ១) ការបណ្តុះបណ្តាលធនធានមនុស្សតាមស្តង់ដារជប៉ុន; ២) កសិ-ឧស្សាហកម្មកែច្នៃ; និង ៣) វិស័យឌីជីថល។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCA ក្នុងការសម្របសម្រួលធុរជនជប៉ុនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងចំពោះផែនការរបស់ JCA និងប្តេជ្ញាបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការអនុវត្តផែនការធុរកិច្ច និងវិនិយោគទាំងនោះ។ ដើម្បីធានាប្រសិទ្ធភាព និងជំរុញការរីកចម្រើនរួមគ្នា សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយ JCA។

ជាចុងក្រោយ សម្តេចធិបតី បានរំលឹកពីកិច្ចព្រមព្រៀងបង្កើត «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅជប៉ុនកាលពីខែឧសភាកន្លងទៅ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន។ សម្តេចក៏បានលើកទឹកចិត្ត JCA ឱ្យសិក្សាពីលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនជប៉ុន ជាពិសេស SME ជប៉ុន នាពេលអនាគត។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles