ក្រសួងព័ត៌មានបានប្រកាសកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ថា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមបានជួបប្រជុំពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយលោកជំទាវ Fatim-Zahra Ammor រដ្ឋមន្ត្រីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រោយកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ប្រកបដោយផ្លែផ្កា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងបើកច្រកដ៏ធំទូលាយសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ រួមមានការបង្កើតផែនការសកម្មភាពច្បាស់លាស់ ក្រុមការងារបច្ចេកទេស ក៏ដូចជាការបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានជំរុញឱ្យមានការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលម៉ារ៉ុកក៏ជាសមាជិកនៃអង្គការនេះផងដែរ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើកទំព័រថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍របស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា និងពង្រីកឥទ្ធិពលផ្សព្វផ្សាយសក្តានុពលទេសចរណ៍។ កម្ពុជានឹងអាចបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់ និងទាញយកឱកាសវិនិយោគទេសចរណ៍ពីទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្វ្រិក) ដែលមានប្រជាជនជាង ៤០លាននាក់ ដែលជាទីផ្សារលំដាប់លេខ៤១ លើពិភពលោក។ បច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសម៉ារ៉ុកមកកម្ពុជាមានភាពងាយស្រួល ដោយមានជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុលមកកាន់រាជធានីភ្នំពេញ។ ព័ត៌មាននេះដកស្រង់ចេញពីក្រសួងព័ត៌មាន។


