បង្ក្រាបបានហើយ! ក្រុមក្មេងទំនើង «ឈូកវ៉ា ១» ៤ នាក់ ជាប់ពាក់ព័ន្ធករណីដេញកាប់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅតុលាការ

បង្ក្រាបបានហើយ! ក្រុមក្មេងទំនើង «ឈូកវ៉ា ១» ៤ នាក់ ជាប់ពាក់ព័ន្ធករណីដេញកាប់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៤ ខែ ទើបឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ៤ នាក់ ជាសមាជិក «ក្រុមឈូកវ៉ា ១» បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីបង្កហិង្សាបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ។ លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងសហការជាមួយជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ចុះបង្ក្រាបដោយផ្ទាល់ និងឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

រូបភាពក្រុមជនសង្ស័យ

បន្ទាប់ពីការស្រាវជ្រាវអស់ជាង ៤ ខែ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៤ នាក់ រួមមាន ៖
១. ឈ្មោះ ម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ
២. ឈ្មោះ ថា ដារិទ្ធ ហៅចិន ភេទប្រុស អាយុ ១៧ ឆ្នាំ
៣. ឈ្មោះ ឆេង សុភារះយុទ្ធ ហៅយុទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ
៤. ឈ្មោះ ហ៊ន ឈិនទ្បុង ហៅទ្បុង ភេទប្រុស អាយុ ១៨ ឆ្នាំ។
រីឯបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួននៅឡើយ។

រូបភាពជនសង្ស័យ

លោកវរសេនីយ៍ឯក ម៉ម សាវន បានបញ្ជាក់ថា ករណីទី ១ កើតឡើងកាលពីវេលាម៉ោងប្រហែល ៣ និង ០៥នាទី ទៀបភ្លឺ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ ក្រុមក្មេងទំនើងជាច្រើននាក់ បានជិះម៉ូតូដេញកាប់ជនរងគ្រោះរហូតដល់ភ័យស្លន់ស្លោ ក៏ជិះបុកបង្គោលភ្លើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចស្ពានអាកាសតិចណូ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រូបភាពជនសង្ស័យ

ចំណែកករណីទី ២ កើតឡើងកាលពីវេលាម៉ោងប្រហែល ៣ និង ១៥ នាទី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ ជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ប្លន់យកស្លាកលេខម៉ូតូ) និងបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ នៅចំណុចវត្តជុំ ផ្លូវ ២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតកាំបិតចំនួន ២ ដើម (ប្រើសម្រាប់ធ្វើសកម្មភាពកាប់ជនរងគ្រោះ) និងស្លាកលេខម៉ូតូ ១ សន្លឹក។

វត្ថុតាង

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំពោះបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងតាមប្រមាញ់ ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ដោយមិនមានការយោគយល់នោះឡើយ។

សមត្ថកិច្ច

ដោយ ៖ ម៉េង

administrator

Related Articles