ប្រទេសឥណ្ឌា ៖ ប្រភពព័ត៌មានពីកាសែត The Hindu និង New Delhi Television បានរាយការណ៍ថា ហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងយ៉ាងសន្ធឹកកាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅក្បែរស្ថានីយរថភ្លើងក្រោមដី Fort Rouge កណ្តាលទីក្រុងញូវដេល្លី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៩នាក់បាត់បង់ជីវិត និង២០នាក់ផ្សេងទៀតរងរបួសធ្ងន់។

លោក សាទីស ហ្គូលចា អធិការនគរបាលក្រុងញូវដេល្លី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រថយន្តដែលផ្ទុះនោះកំពុងបើកបរយឺតៗ ហើយបានឈប់នៅភ្លើងស្តុបក្រហម មុននឹងមានការផ្ទុះឡើងភ្លាមៗ។ កម្លាំងផ្ទុះបានធ្វើឲ្យបំណែករថយន្តខ្ទាតទៅប៉ះរថយន្តក្បែរខាង បង្កការខូចខាត និងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក អាមីត សាហ៍ បានសង្កត់ធ្ងន់ថា មូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយការស៊ើបអង្កេតដ៏ធំមួយកំពុងដំណើរការ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពជាច្រើនកំពុងត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ដើម្បីរកការពិត។ ទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA) ដែលជាទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកករណីភេរវកម្មរបស់ឥណ្ឌាបានចុះមកធ្វើការស៊ើបអង្កេតផ្ទាល់តែម្ដង។
ក្រោយហេតុការណ៍ផ្ទុះដ៏រន្ធត់នេះ អាកាសយានដ្ឋានអន្តរជាតិញូវដេល្លី ស្ថានីយរថភ្លើងក្រោមដី និងអគាររដ្ឋាភិបាលនានាក្នុងទីក្រុងត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នពេញបន្ទុក។ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហោះសាររំលែកទុក្ខនៅលើបណ្ដាញសង្គម X ថា៖ «យើងសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារការផ្ទុះនៅល្ងាចនេះ។ សូមឲ្យអ្នករបួសឆាប់ជាសះស្បើយ»។
សាក្សីជាច្រើននៅកន្លែងកើតហេតុបានរៀបរាប់ថា ការផ្ទុះនោះពិតជាខ្លាំងក្លាណាស់ រហូតធ្វើឲ្យរថយន្តជាច្រើនគ្រឿងឆាបឆេះ ហើយបំណែកខ្លួនប្រាណមនុស្សបានខ្ទាតទៅគ្រប់ទិសទី។ អ្នករត់តាក់ស៊ីម្នាក់បានរៀបរាប់ថា គាត់បានឮសំឡេងផ្ទុះយ៉ាងកងរំពង ហើយក៏ប្រញាប់រត់ចេញពីរថយន្តជាមួយមនុស្សជាច្រើននាក់ទៀតនៅតាមផ្លូវ។
គួរបញ្ជាក់ថា Fort Rouge គឺជាអតីតព្រះរាជវាំងសម័យសតវត្សរ៍ទី១៧ ដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយរបស់ឥណ្ឌា។ ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីវិមានសភា ហើយជាកន្លែងដែលនាយករដ្ឋមន្ត្រីឥណ្ឌាតែងតែថ្លែងសុន្ទរកថាប្រចាំឆ្នាំក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី១៥ ខែសីហា។
