ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងពន្ធនាគារមួយភាគខាងត្បូងប្រទេសអេក្វាឌ័រ ដែលបណ្ដាលឱ្យអ្នកទោសយ៉ាងតិច ២៧ នាក់បានបាត់បង់ជីវិតដោយសារការថប់ដង្ហើម ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមជម្លោះគូប្រជែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១១ ខែវិច្ឆិកា។

អំពើហិង្សាបង្ហូរឈាមនេះបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលឃុំឃាំង Machala ដោយមានការប្រឈមមុខដាក់គ្នា រវាងក្រុមឧក្រិដ្ឋជន ២ ដែលមានទំនាស់នឹងគ្នា។ ដំបូងឡើយ ក្រុម Sao-Box បានបើកការវាយប្រហារទៅលើសមាជិកក្រុម Los Lobos ដែលបណ្ដាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ឆ្លើយតបនឹងការវាយប្រហារនេះ ក្រុម Los Lobos បានធ្វើការសងសឹកយ៉ាងសាហាវ ដោយបានសម្លាប់សមាជិកក្រុម Sao-Box ចំនួន ២៧ នាក់ ដោយការបិទខ្ទប់ និងធ្វើឱ្យពួកគេថប់ដង្ហើមនៅក្នុងបន្ទប់រួមតែមួយ។
អាជ្ញាធរអេក្វាឌ័របានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងពីរនេះធ្លាប់ជាសម្ព័ន្ធមិត្តតែមួយ ក៏ប៉ុន្តែក្រោយមកក៏បានបែកបាក់គ្នាទៅវិញ។ ចំពោះអំពើហិង្សាដ៏សាហាវលើកនេះ ត្រូវបានគេជឿថាបានចាប់ផ្ដើមឡើង បន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានផ្លាស់ប្ដូរទីតាំងទៅកាន់ពន្ធនាគារថ្មី ដែលមានប្រព័ន្ធសន្តិសុខយ៉ាងតឹងរ៉ឹង។
ការសម្លាប់រង្គាលដ៏ឃោរឃៅនេះ បានបន្ថែមទៅលើបញ្ហាអំពើហិង្សាក្នុងពន្ធនាគារដែលកំពុងបន្តកើតមានយ៉ាងគំហុកនៅក្នុងប្រទេសអេក្វាឌ័រ ដែលបានបណ្ដាលឱ្យមនុស្សជាង ៥០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីឆ្នាំ ២០២១ មក។ គួរឱ្យសោកស្ដាយ ទោះបីជាមានការដាក់ពង្រាយកម្លាំងយោធា និងប៉ូលិសយ៉ាងច្រើនក៏ដោយ ក៏ការប៉ះទង្គិចគ្នាដ៏សាហាវឃោរឃៅនៅតែបន្តកើតមានឡើងដដែល។
លើសពីនេះទៅទៀត ក្រុម Los Lobos ដែលជាក្រុមឧក្រិដ្ឋជនដ៏ល្បីល្បាញមួយក្នុងចំណោមក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធក្នុងជម្លោះនេះ ថ្មីៗនេះត្រូវបានសហរដ្ឋអាមេរិកកំណត់ថាជាអង្គការភេរវកម្មបរទេសផងដែរ។
ប្រភពរូបភាព៖ Reuters
អត្ថបទ៖ ប៊ុន សុភាព
