ខេត្តកំពង់ឆ្នាំង៖ កម្លាំងយោធាខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយប្រើរបាំងស្បៃមុងជាច្រើនកន្លែង ក្នុងភូមិសាស្ត្រឃុំអំពិលទឹក និងឃុំកំពង់ត្រឡាចក្រោម នៃស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងពេញមួយថ្ងៃ ដើម្បីលុបបំបាត់បទល្មើសដែលបង្កផលប៉ះពាល់ដល់ធនធានជលផល។ 
លោក អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យោងតាមបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការកងទ័ពជើងគោក ស្តីពីការបង្ក្រាបបទល្មើសនេសាទឱ្យបានដាច់ណាត់ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា លោកបានដឹកនាំកម្លាំងប្រមាណ ៣០នាក់ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ជាច្រើនគ្រឿង ចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុងនៅតាមបណ្ដោយដងស្ទឹង និងបឹងបួក្នុងភូមិសាស្ត្រឃុំទាំងពីរ។ 
ប្រតិបត្តិការនេះបានធ្វើឡើងពេញមួយថ្ងៃ រាប់តាំងពីព្រឹករហូតដល់ល្ងាច។ ជាលទ្ធផល កម្លាំងបានបង្ក្រាបទីតាំងបទល្មើសបានជាច្រើនកន្លែង។
ដោយសារស្ថានភាពមមាញឹកខ្លាំង របាយការណ៍បូកសរុបលម្អិតមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែលោក អ៊ុ សុភា នឹងជូនដំណឹងអំពីលទ្ធផលជាក់លាក់នៅពេលក្រោយ។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការថែរក្សាធនធានធម្មជាតិ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ 
