ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើងមួយក្រុម ដែលបានប្រើអំពើហិង្សាដេញតាមវាយធាក់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងបង្គោលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅចំណុចម្ដុំវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីបានបង្កហេតុរួច ក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួនទៅបណ្ដាខេត្តមួយរយៈ ដើម្បីបំបិទដាន។ ប៉ុន្តែដោយឃើញសភាពស្ងប់ស្ងាត់ ពួកគេក៏បានលេចមុខមកវិញ ហើយភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះទៅធ្វើការស្រាវជ្រាវ និងចាប់ក្របួចបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ 
បច្ចុប្បន្ន ជនសង្ស័យជាក្រុមក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ 
