ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានរងការវាយប្រហារដ៏រន្ធត់មួយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា បន្ទាប់ពីមានហេតុការណ៍ផ្ទុះរថយន្តយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៨ នាក់ស្លាប់បាត់បង់ជីវិត និង ២០ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងមុនម៉ោង ៧ យប់ ម៉ោងក្នុងស្រុក នៅចំណុចភ្លើងស្តុបមួយកន្លែង ដែលមានការកកស្ទះចរាចរណ៍ខ្លាំង ក្បែរស្ថានីយ៍រថភ្លើងក្រោមដី។ កម្លាំងនៃការផ្ទុះបានបំផ្លាញយានយន្តជាច្រើនគ្រឿងនៅក្បែរនោះ និងដុតបំផ្លាញរថយន្តចំនួន ៦ គ្រឿង រួមទាំងរ៉ឺម៉កចំនួន ៣ គ្រឿង ឲ្យក្លាយជាគំនរសំរាម។
ភ្លាមៗក្រោយកើតហេតុ ក្រុមប៉ូលិស ក្រុមស៊ើបអង្កេតកោសល្យវិច្ច័យ និងរថយន្តសង្គ្រោះបន្ទាន់ប្រមាណ ៣០ ទៅ ៤០ គ្រឿង បានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានរៀបរាប់ថា សំឡេងផ្ទុះគឺ «ខ្លាំងក្លា» បំផុត ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងភាពវឹកវរយ៉ាងខ្លាំងភ្លាមៗ។

ជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវដេលី ក៏បានចេញសេចក្តីជូនដំណឹងសន្តិសុខ ដើម្បីព្រមានពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងពីតំបន់កើតហេតុ។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌាបានដាក់ស្ថានីយ៍រថភ្លើងសំខាន់ៗនៅទូទាំងប្រទេសក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ ទោះជាយ៉ាងណា មូលហេតុច្បាស់លាស់នៃការផ្ទុះនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយពុំទាន់មានការសន្និដ្ឋានណាមួយនៅឡើយទេ។

គួររំលឹកថា ទីក្រុងញូវដេលីធ្លាប់បានជួបប្រទះការវាយប្រហារភេរវកម្មពីមុនមកដែរ រួមមានការបំផ្ទុះគ្រាប់បែកកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ក៏ដូចជាការផ្ទុះកាបូបនៅខាងក្រៅតុលាការជាន់ខ្ពស់ដេលីក្នុងឆ្នាំ ២០១១ ដែលបានបណ្ដាលឲ្យមនុស្សប្រមាណ ១០ នាក់ស្លាប់បាត់បង់ជីវិត។


