រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ក្នុងឱកាសដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គ ដោយបានលើកឡើងនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរ ដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គមហាសន្និបាតអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដែលមានទាំងបេតិកភណ្ឌប្រវត្តិសាស្ត្រពេញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល និងជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ “ស្នាមញញឹមកម្ពុជា”។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអញ្ជើញប្រតិភូទាំងអស់មកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផ្ទាល់ផងដែរ។

ដោយ៖ តារា
