ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងក្បោះក្បាយអំពីបញ្ហាសំខាន់ៗចំនួន ១០ ចំណុច ដែលពាក់ព័ន្ធទៅនឹងស្ថានភាព និងកិច្ចការនានារបស់ប្រទេសកម្ពុជា ជាពិសេសបញ្ហាព្រំដែន និងទំនាក់ទំនងអន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា៖
១. ចំពោះរឿងប្រាសាទតាមាន់ធំនោះ គឺគ្មានអ្វីដែលត្រូវស្រពិចស្រពិល ឬចម្រូងចម្រាសនោះឡើយ ពោលគឺកងទ័ពខ្មែរបានកាន់កាប់ និងគ្រប់គ្រងទាំងស្រុង ១០០%។
២. លោក សុខ ឥសាន ក៏បានលើកឡើងដែរថា បើក្រុមឧទ្ទាមក្រៅច្បាប់យល់ថាខ្លួនខ្លាំងពូកែពិតមែន គួរតែត្រូវបំពាក់អាវុធឱ្យកាន់ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពសៀមវិញ។
៣. ទាក់ទងនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក លោកបានចោទជាសំនួរថា សហរដ្ឋអាមេរិកបានយល់កាន់តែច្បាស់ពីកម្ពុជាហើយ តើសហរដ្ឋអាមេរិកនឹងជួយកម្ពុជារហូតបានសន្តិភាពជាក់លាក់មួយ បន្ទាប់ពីកម្ពុជាត្រូវឈ្លានពានដោយកងទ័ពសៀមដែរ ឬទេ?
៤. បន្ថែមពីនេះ លោកបានឱ្យដឹងថា ឥឡូវនេះសហរដ្ឋអាមេរិកបានលុបចោលបម្រាមលក់អាវុធមកឱ្យកម្ពុជាហើយ ព្រមទាំងបានរៀបចំធ្វើសមយុទ្ធយោធាឡើងវិញជាមួយកម្ពុជាផងដែរ។
៥. ដោយឡែក ចំពោះប្រាសាទតាក្របីវិញ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សៀមមិនបាច់ស្រមើស្រម៉ៃឡើយ កម្ពុជាបានកាន់កាប់ និងគ្រប់គ្រង ១០០% ហើយកុំសង្ឃឹមថាអាចយកបានឱ្យសោះ។

៦. ពាក់ព័ន្ធនឹងរឿងប្រឆាំងឧក្រិដ្ឋកម្មឆបោកឆ្លងដែន ប្រទេសនីមួយៗត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីសម្រេចបានលទ្ធផល ដោយមិនបាច់មានលក្ខខណ្ឌពីប្រទេសណាមួយនោះទេ។
៧. លោកក៏បានលើកឡើងពីករណីប្រជាជនសៀមប្រឆាំងនឹងការដោះលែងទាហានខ្មែរ ១៨ នាក់ ដែលចង់ឱ្យដោះដូរជាមួយប្រាសាទតាក្របី។ លោកព្រមានថា បើសៀមមិនដោះលែងទាហានខ្មែរទេ នោះសៀមនឹងជួបបញ្ហាជាមួយការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមិនខាន។
៨. លោកបានសម្តែងការហួសចិត្តថា នៅពេលចាប់ទាហានខ្មែរ សៀមគ្មានដាក់លក្ខខណ្ឌឯណា តែឥឡូវដល់ពេលដោះលែងស្រាប់តែដាក់លក្ខខណ្ឌទៅវិញ ដែលនេះបង្ហាញពីភាពកំសាករបស់សៀម។

៩. លោក សុខ ឥសាន បានបញ្ជាក់ថា កងទ័ពខ្មែរបានដកអាវុធធុនធ្ងន់ស្របតាមផែនការរួចហើយ។ ចុះនៅខាងសៀមនោះតើបានដកអស់តាមផែនការឬនៅ បានជាមករករឿងខ្មែរទៅវិញ?
១០. ចុងក្រោយ លោកបានសួរថា ចុះសៀមចាប់ទាហានខ្មែរក្រោយបទឈប់បាញ់នោះគិតយ៉ាងម៉េច? គឺជាការខុសច្បាប់ទាំងស្រុង!
ដោយ ៖ សិលា
