ខេត្តប៉ៃលិន ៖ ទីបំផុត! ជនសង្ស័យដែលបានសម្លាប់ឪពុកបង្កើតរបស់ខ្លួនយ៉ាងឃោរឃៅ នៅខេត្តប៉ៃលិន ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន។ 
ប្រភពព័ត៌មានពីនគរបាលបានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារដោយសារករណីគ្រឿងញៀន។ បច្ចុប្បន្ន រូបគេរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ហេតុការណ៍ឃាតកម្មដ៏សាហាវនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៩ព្រឹក។ នៅពេលនោះ ជនរងគ្រោះជាឪពុក កំពុងអង្គុយក្រោមដើមអំពិលមុខផ្ទះ ស្រាប់តែជនសង្ស័យជាកូនបានស្រែកជេរគេជេរឯងពេញផ្ទះ។ ឪពុកឃើញដូច្នោះ ក៏បានប្រាប់ថា «កូនកុំស្រែកឡូឡាជេរអ៊ីចឹង ព្រោះពុកកំពុងឈឺផង»។
ប៉ុន្តែ ជនសង្ស័យមិនស្ដាប់ឡើយ បែរជាស្រែកជេរឪពុកបន្ថែមទៀត បណ្ដាលឱ្យឪពុកខឹង ក៏បានទះកំផ្លៀងជនសង្ស័យមួយដៃ។ ភ្លាមៗនោះ ជនសង្ស័យក៏បានទះឪពុកវិញបណ្ដាលឱ្យដួល។ អ្វីដែលកាន់តែរន្ធត់ ជនសង្ស័យបានទាញយកចបកាប់វាយទៅលើឪពុកចំថ្ងាសចំនួន ១ចប មុតរបួសខ្ទង់ច្រមុះរយះប្រវែង ៨សង់ទីម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។
ទោះជាយ៉ាងណាក៏ដោយ កម្លាំងនគរបាលបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេល ២យប់ ២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹក ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងព្រៃខាងកើតអូរ ប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
