ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីជនបរទេសម្នាក់ដែលបានមកដល់ប្រទេសកម្ពុជា ទាំងក្ដីអស់សង្ឃឹម និងមានបំណងចង់បោះបង់ជីវិតខ្លួនឯងចោល។ ប៉ុន្ដែអ្វីៗបានប្រែប្រួលទាំងស្រុង បន្ទាប់ពីលោកបានមករស់នៅលើដែនដីដ៏សន្តិភាពមួយនេះ ដែលធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីឡើងវិញ។
យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ដកស្រង់ចេញពីសម្ដីរបស់ជនបរទេសរូបនោះ បានឱ្យដឹងថា៖ «ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួនក្នុងសភាពនោះទេ។ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញ។ នៅផ្ទះ (ស្រុកកំណើត) ការរស់នៅប្រកបដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ (កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន។ កម្ពុជាមិនត្រឹមតែបានផ្ដល់ជីវិតមកខ្ញុំម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ»។
រឿងរ៉ាវមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីឥទ្ធិពលនៃភាពវិជ្ជមានរបស់ប្រទេសកម្ពុជា ដែលជាប្រទេសមានសន្ដិភាព ប្រជាជនស្លូតត្រង់ វប្បធម៌អស្ចារ្យ និងស្នាមញញឹមដ៏កក់ក្ដៅ ដែលតែងតែធ្វើឱ្យទេសចរណ៍ដែលមកលេងហើយ គឺជាប់ចិត្តមិនចង់ឃ្លាត។ សូមចែករំលែកសារមួយនេះទៅកាន់ពិភពលោក ដើម្បីឱ្យពួកគេបានដឹងពីភាពអស្ចារ្យនៃកម្ពុជាយើង៕
ដោយ៖តារា
