ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) ប្រធានបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសបារាំងក្នុងនាមជាស្ថាបនិក និងសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលនាំឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកឥតឈប់ឈររបស់បារាំង ដល់ការអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក។ 
ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានសម្តែងការកោតសរសើរខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា-បារាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់ការគាំទ្រពេញទំហឹងដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ខាងមុខនេះ។ 
ដោយឡែកលើវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងទ័ពបារាំង ដែលបានផ្តល់អាហារូបករណ៍ជាច្រើនដល់សិក្ខាកាមកម្ពុជា ព្រមទាំងជួយបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ 
ឯកឧត្តមបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កងទ័ពនៃប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការទាំងនោះរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។ 
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ហ្សាក់ រីខែយែរ បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពប្រទេសទាំងពីរ។ លោកបានបញ្ជាក់បន្ថែមថា តាមរយៈជំនួបនេះ បារាំងនិងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត។

ដោយ៖ សិលា
