ក្មេងស្ទាវម្នាក់ បង្ហោះម៉ូតូសាហាវពេញផ្លូវសាធារណៈ នៅភ្លើងឆេះរទេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំ

ក្មេងស្ទាវម្នាក់ បង្ហោះម៉ូតូសាហាវពេញផ្លូវសាធារណៈ នៅភ្លើងឆេះរទេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ បានបង្ក្រាបករណីយុវជនម្នាក់បង្ហោះម៉ូតូយ៉ាងគគ្លើនតាមបណ្ដោយផ្លូវសាធារណៈ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

រូបភាពពាក់ព័ន្ធ

យុវជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ន អាយកា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាព្រូឡាន ស្នាក់នៅភូមិសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដែលត្រូវបានចាប់យក រួមមានម៉ូតូម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1HM-1156 ដែលជាម៉ូតូប្រើប្រាស់ក្នុងការបង្ហោះ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យយុវជនរូបនេះបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។ ជាមួយគ្នានេះ ក៏បានធ្វើកំណត់ហេតុដកហូតម៉ូតូខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ រយៈពេល ០៣ខែ ដើម្បីជាការព្រមាន និងទប់ស្កាត់បទល្មើសចរាចរណ៍ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

administrator

Related Articles