អាវុធហត្ថល្វាឯម បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតវត្ថុតាងបានមួយចំនួន

អាវុធហត្ថល្វាឯម បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតវត្ថុតាងបានមួយចំនួន

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៩:៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រី ដាំ ស៊ីណាន់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងចំនួន ៥នាក់ ចុះល្បាតចល័តក្នុងភូមិសាស្ត្រស្រុក។ ពេលល្បាតទៅដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ស្រេង វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិកោះកែវក្រោម កំពុងដើរចេញពីផ្ទះឈ្មោះ ដុក ឆាយ ភេទប្រុស អាយុ ៤១ឆ្នាំ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន។ ដោយមានការសង្ស័យ កម្លាំងជំនាញក៏បានឃាត់ខ្លួនសួរនាំជនសង្ស័យទាំងពីរនាក់ភ្លាមៗតែម្ដង។

ជនសង្ស័យឈ្មោះ ស្រេង វុទ្ធី បានសារភាពថា ខ្លួនពិតជាបានមករកទិញថ្នាំញៀនពីឈ្មោះ ដុក ឆាយ មែន ប៉ុន្តែ ដុក ឆាយ បានប្រាប់វិញថា អត់មានថ្នាំញៀនទេ។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងជំនាញបានបន្តឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ ដុក ឆាយ នៅវេលាម៉ោង ០៩:៥៣នាទី ថ្ងៃខែឆ្នាំដដែល។ ក្នុងប្រតិបត្តិការឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង ២នាក់ ត្រូវបានរកឃើញថាមានសារធាតុញៀនវិជ្ជមាន (+) ដូចគ្នា។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

administrator

Related Articles