ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន ដែលបានបណ្ដាលឲ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ឧបទ្ទវហេតុនេះ កើតឡើងនៅពេលដែលកងទ័ពថៃបានដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលជាកេរ្តិ៍ដំណែលសង្គ្រាមស៊ីវិលនៅកម្ពុជា។ បើទោះជាបែបនេះក្ដី ក្រសួងការពារជាតិកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ មានបណ្ដាញសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយព័ត៌មានដោយដកស្រង់សម្ដីថ្នាក់ដឹកនាំ និងមន្ត្រីយោធាថៃ ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី បណ្ដាលឲ្យទាហានរបស់ខ្លួនរងរបួសធ្ងន់នៅខេត្តព្រះវិហារ។ ជុំវិញការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា សូមប្រកាសបដិសេធដាច់អហង្ការ។ 
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ចាប់តាំងពីបានក្លាយជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ាមក កម្ពុជាតែងតែគោរព និងប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ដោយមិនដែលបានដាក់គ្រាប់មីនថ្មី ដែលអាចគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពមនុស្សជាតិនោះឡើយ។ 
ជាការពិត ទោះបីជាមានការខិតខំប្រឹងប្រែងបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្ដី ក៏គ្រាប់មីនមិនទាន់ផ្ទុះ ដែលជាសំណល់ពីសង្គ្រាម នៅតែបន្តជាការគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់ភាគីថៃ ឲ្យចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាតំបន់គ្រោះថ្នាក់ដោយសារមីន ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឲ្យមានភាពតានតឹងដោយមិនចាំបាច់។ 
គួររំលឹកផងដែរថា យោងតាមព័ត៌មានពីយោធភូមិភាគទី៤ កម្ពុជា បានបញ្ជាក់ថា ក្រោយពេលកើតហេតុ កងកម្លាំងទាំងសងខាងនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយរហូតមកដល់ពេលនេះ ស្ថានភាពនៅតែមានភាពស្ងប់ស្ងាត់ និងគ្មានភាពតានតឹងនោះទេ។ ក្រសួងការពារជាតិកម្ពុជា បន្តប្ដេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋស៊ីវិល ស្របតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
